(រ៉ូម)៖ ក្របខណ្ឌបាល់ទាត់អ៊ីតាលី Serie A មានគម្រោងកាត់បន្ថយក្លិបពី ២០មកនៅត្រឹម ១៨ក្រុមវិញ ដ្បិតមាន ១៦ក្លិបដែលបានកំពុងលេងក្នុងលីគកំពូលនេះ បានបោះឆ្នោតឱ្យបន្តលេងមាន ២០ក្រុមជារៀងរាល់ឆ្នាំដដែល។

សម្រាប់ព្រឹត្តិការណ៍ដែលមានដល់ទៅ ២០ក្លិបចូលរួមប្រកួតប្រជែងជារៀងរាល់រដូវកាល គិតចាប់តាំងពីរដូវកាលឆ្នាំ២០០៤-២០០៥ មក មានតែក្លិបធំៗចំនួន ៤ប៉ុណ្ណោះមានដូចជា Juventus, Inter Milan, AC Milan និង AS Roma ក្នុងការបោះឆ្នោតចូលរួមគាំទ្រចំពោះគម្រោងបន្ថយក្រុមមកនៅតិចជាង ២០ក្លិបនេះ ក្នុងកិច្ចប្រជុំជាមួយម្ចាស់ភាគហ៊ុននានាកាលពីពេលថ្មីៗនេះនៅទីក្រុង Milan។

យ៉ាងណាក៏ដោយ ចំពោះកំណែទម្រង់ថ្មីនេះ នឹងត្រូវប្រកាសក្នុងកិច្ចប្រជុំប្រតិបត្តិវិសាមញ្ញប្រចាំឆ្នាំរបស់សហព័ន្ធបាល់ទាត់អ៊ីតាលី (FIGC) នាខែមីនា ឆ្នាំ២០២៤ ខាងមុខ ដែលគម្រោងការថ្មីនេះ មិនជាប់ពាក់ព័ន្ធទៅនឹងវិបត្តិសេដ្ឋកិច្ចឡើយ។ នេះបើយោងតាមលោក Lorenzo Casini ប្រធាន Serie A បច្ចុប្បន្នថ្លែងឱ្យដឹងបែបនេះ។

គួរជម្រាបថា ក្នុងចំណោមលីគធំៗទាំង៥ នៅអឺរ៉ុបបច្ចុប្បន្ននេះ មានតែក្របខណ្ឌ Ligue 1 របស់បារាំង និង Bundesliga របស់អាល្លឺម៉ង់មានតែ ១៨ក្លិបតែប៉ុណ្ណោះចូលរួមប្រកួតប្រជែង គ្រាដែលនៅអង់គ្លេស អេស្ប៉ាញ និងអ៊ីតាលី មាន ២០ក្លិប៕