(បរទេស)៖ ក្របខណ្ឌបាល់ទាត់លីគអឺរ៉ុប UEFA Champions League បានត្រឡប់មកវិញហើយ ចាប់ពីរាត្រីថ្ងៃអង្គារ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ ពីក្នុងវគ្គ ១៦ក្រុមសម្រាប់រដូវកាលឆ្នាំ២០២៣-២០២៤ នៅពេលក្រុមការពារតំណែងជើងឯក Manchester City បើកឆាកលេងនៅទឹកដីក្រៅផ្ទះ។

UCL វគ្គ ១៦ក្រុមនឹងចាប់ផ្តើមលេង ២ជើងចាប់ពីរាត្រីថ្ងៃទី១៣ ខែកុម្ភៈ រហូតដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤។

Man City ដែលជាជើងឯកចាស់ឆ្នាំ២០២២-២០២៣ នោះ នឹងត្រូវធ្វើដំណើរទៅប្រទេសដាណឺម៉ាក ដោយប៉ះក្រុម FC Copenhagen ស្របពេលអតីតក្រុមជើងឯក ១៤សម័យកាលច្រើនជាងគេ Real Madrid របស់អេស្ប៉ាញ ត្រូវប៉ះគូប្រជែងដែលជាម្ចាស់ផ្ទះ RB Leipzig របស់អាល្លឺម៉ង់នាម៉ោង ៣រំលងអាធ្រាត្រដូចគ្នា (ម៉ោងនៅកម្ពុជា)។

ជាការកត់សម្គាល់ផងដែរ កាំភ្លើងធំ Arsenal ជាក្រុមធំរបស់អង់គ្លេសដែលបានឆ្លងផុតវគ្គចែកពូល ឈានមកដល់វគ្គ ១៦ក្រុមជាមួយមេឃខៀវ Man City ដែរ ក្រោយពេលអវត្តមានរយៈពេល ១៤ឆ្នាំមកនេះ ដែលពួកគេត្រូវពើបប្រទះម្ចាស់ផ្ទះ FC Porto របស់ព័រទុយហ្គាល់នាសប្តាហ៍ក្រោយ៕