(ភ្នំពេញ)៖ ក្រុមបាល់ទាត់ ភ្នំពេញក្រោន របស់កម្ពុជា បានធ្លាក់ត្រឹមវគ្គ Knockout Stage ឬវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រប្រចាំតំបន់អាស៊ាន នៃពានរង្វាន់ AFC Cup 2023/24 បន្ទាប់ពីចាញ់ក្រុមម្ចាស់ផ្ទះ Central Coast Mariners របស់អូស្ដ្រាលី ដោយលទ្ធផល ៤-០ នៅល្ងាចថ្ងៃទី១៣ ខែកុម្ភៈនេះ ។

ជំនួបវគ្គចាញ់-ធ្លាក់ ដែលលេងតែមួយជើង នៅកីឡដ្ឋាន Industree Group នាទីក្រុងស៊ីដនីនេះ វគ្គទី១ ភ្នំពេញក្រោន របូតតែ ១គ្រាប់ប៉ុណ្ណោះ ដែលស៊ុតបញ្ចប់ទីដោយកីឡាករ Jing Reec នៅនាទី៣៧ ។ ប៉ុន្ដែវគ្គទី២ ក្រុមខ្លាំង Central Coast Mariners បានបន្ថែម ៣គ្រាប់ទៀត ដែលធ្វើបាន Hat-Trick ដោយកីឡាករ Ryan Edondson នៅចុងម៉ោង ដែលជួយឲ្យក្រុមកំពុងឈរលេខ២ នៃលីគកំពូលអូស្ដ្រាលីនេះ ឡើងវគ្គផ្ដាច់ព្រ័ត្រប្រចាំតំបន់អាស៊ាន នៃពានរង្វាន់ AFC Cup 2023/24 ដោយត្រូវជួបក្រុមរួមជាតិ Macarthur FC ដែលបានយកឈ្នះក្រុម Sabah របស់ម៉ាឡេស៊ី ៣-០ កាលពីល្ងាចមិញ ។

សម្រាប់ក្រុមជើងឯកលីគកំពូលកម្ពុជា ភ្នំពេញក្រោន បានបញ្ចប់ភារកិច្ច ក្នុងពានរង្វាន់កម្រិតទី២ ប្រចាំទ្វីបអាស៊ីនេះ ជាមួយកំណត់ត្រាក្លិបបាល់ទាត់កម្ពុជាដំបូង ដែលបានឡើងដល់វគ្គកណ្ដាលផ្ដាច់ព្រ័ត្រប្រចាំតំបន់ បន្ទាប់ពីឆ្លងកាត់ការប្រកួតសរុបចំនួន ៩ប្រកួត តាំងពីវគ្គជម្រុះបឋម រហូតដល់វគ្គ Knockout ដោយលទ្ធផលឈ្នះ ៦ និងចាញ់ ៣ ។ សមិទ្ធផលនេះ ត្រូវបានអ្នកគាំទ្របាល់ទាត់កម្ពុជា ចាត់ទុកជាផ្លែផ្កា ដែលសបញ្ជាក់ឲ្យឃើញពីភាពរីកចម្រើននៃវិស័យបាល់ទាត់កម្ពុជាមួយកម្រិតទៀត ទោះបីភ្នំពេញក្រោន មិនអាចឡើងវគ្គផ្ដាច់ព្រ័ត្រប្រចាំតំបន់ នៃពាន AFC Cup 2023/24 ក៏ដោយ ៕