(សៀមរាប)៖ អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលព្រៃឈើសហការគ្នារៀបចំកែលម្អស្ថានីយបណ្តុះកូនឈើស្ពានអង្គរ ពោលគឺតាមអនុសាសន៍របស់លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានណែនាំឱ្យអាជ្ញាធរជាតិអប្សរា និងរដ្ឋបាលព្រៃឈើសហការគ្នាកែលម្អនិងរៀបចំប្រែក្លាយស្ថានីយបណ្តុះកូនឈើស្ពានអង្គរឱ្យទៅជាស្ថានីយបណ្តុះកូនឈើដ៏ធំមួយនៅក្នុងតំបន់រមណីយដ្ឋានអង្គរ។

ការណែនាំបែបនេះគឺដើម្បីអភិរក្ស និងបង្កើនពូជរុក្ខជាតិកម្រដែលកំពុងប្រឈមនឹងការបាត់បង់ ក្នុងគោលបំណងចែកជូនក្រសួង/ស្ថាប័ន និងសាធារណជនយកទៅដាំនៅសៀមរាប-អង្គរ និងតាមបណ្តាខេត្តផ្សេងៗទៀតទូទាំងប្រទេសដោយឥតបង់ថ្លៃ។

គម្រោងសហការនេះសំដៅលើការរៀបចំប្លង់និងផែនការមេ ការលើកកម្ពស់ទេសភាពវប្បធម៌ដោយរុះរើសំណង់មិនរៀបរយចេញ រៀបចំថ្នាលបណ្តុះកូនឈើ ជួសជុលរហាត់ទឹកឱ្យដំណើរការឡើងវិញ កែលម្អសោភ័ណភាព អនាម័យ បរិស្ថាន និងសម្បទាចាំបាច់សម្រាប់គាំទ្រដល់ការដាក់ឱ្យដំណើរការស្ថានីយនេះទាំងមូលនាពេលឆាប់ៗខាងមុខនេះ៕