(ភ្នំពេញ)៖ ផ្ទុយពីតារាក្មេងៗ ដែលចូលចិត្តច្រៀងតែបទបែបសម័យ លោក ឈន សៀងហៃ តារាមុខស្រស់កូនកាត់ចិន និងជាដៃគូដ៏ស័ក្តិសមរបស់តារាចម្រៀង សុន ស្រីពេជ្រ បែរជាត្រូវបានអ្នកគាំទ្រមើលឃើញថា លោកមានទេពកោសល្យទាំងសម័យ និងបុរាណគួរឲ្យកត់សម្គាល់។ ឈន សៀងហៃ ត្រូវគេមើលឃើញថា អាចច្រៀងបានបទភ្លេងការ មហោរី និងបទបែបរាំវង់ រាំក្បាច់ បានយ៉ាងពិរោះ ជាមួយនឹងទឹកមុខក៏ស្រស់ញញឹម។ អ្វីដែលគេកាន់តែសរសើរ គឺលោកកំពុងឡើងសន្ទុះស្ទើរ រកពេលទំនេរដកឃ្លាមិនរួច ជាពិសេសការច្រៀងភ្លេងការ ដោយសារតែលោក គឺជាតារាវ័យក្មេង តែសមត្ថភាពក្នុងការច្រៀងបទបែបមហោរី និងភ្លេងការ គឺមិនចាញ់តារារៀមច្បង។
តារាចម្រៀងវ័យក្មេង ឈន សៀងហៃ បានក្លាយជាតារាកាន់តែលេចធ្លោរ ក្រោយពេលបានចាប់ដៃគូជាមួយតារាចម្រៀង សុន ស្រីពេជ្រ និងតារាល្បីៗរៀមច្បង ឲ្យមានឱកាសដើរច្រៀងភ្លេងការជាមួយ។ ស្រពពេលដែលលោកក៏មានទេពកោសល្យស្រាប់ផង ក៏អាចជោគជ័យក្នុងអាជីពជាតារាចម្រៀង ក្នុងវង់ភ្លេងប្រពៃណីនេះមកដល់បច្ចុប្បន្ន។ លោកក៏ជាតារាដែលតែងសកម្មនឹងការងារមនុស្សធម៌ ដោយតែងបរិច្ចាគផ្សេងៗ តាមម្ចាស់ជំនួយ តាមរយៈអ្នកនាង សុន ស្រីពេជ្រ និងមិត្តសិល្បៈជាហូរហែ។
លោក ឈន សៀងហៃ ក៏ត្រូវបានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកគ្រប់គ្រងនៅសកលវិទ្យាល័យមួយ និងជាម្ចាស់ (មេអាហ្វែ) តន្រ្តីសម័យ និងបុរាណ (ភ្លេងការ) ឈនសៀងហៃតន្រ្តី ផងដែរ។ តារាចម្រៀង ដែលមានស្រុកកំណើតនៅស្រុកព្រៃឈរ ខេត្តកំពង់ចាមរូបនេះ រមែងទទួលបានការលើកទឹកចិត្តលើការងារសិល្បៈ ពីសំណាក់គ្រួសារ បើទោះលោកមានឪពុកជាមន្រ្តីរាជការបម្រើការ នៅនាយកដ្ឋានអង្គរក្សអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ ដែលត្រូវគេដឹងថា គួរតែលើកទឹកចិត្តឲ្យលោកដើរឆ្ងាយពីការច្រៀងរាំ។
លោកមានបងប្អូន២នាក់ ដោយលោក គឺជាកូនច្បងនៅក្នុងគ្រួសារ និងមានម្តាយជាអ្នកអាជីវកម្មមួយរូប ដែលមានជីវភាពធូរធាគួរសម។ លោក ឈន សៀងហៃ អះអាងថា ក្រៅពីរវល់ខ្លាំងផ្នែកច្រៀងការ អាជីវកម្មបើកអាហ្វែច្រៀងសម័យរបស់លោក ក៏កាក់កបខ្លាំងណាស់ដែរ៕