(ភ្នំពេញ)៖ បន្ទាប់ពីខកខានបោះឆ្នោតជ្រើសរើសប្រធានថ្មី កាលពីអាណត្តិមុនកន្លងទៅ ដោយសារតែវិបត្តិនៃជំងឺកូវីដ-១៩, នៅឆ្នាំ២០១៤នេះ សមាគមសិល្បករខ្មែរ​ ដែលមានអ្នកនាង ចន ច័ន្ទលក្ខិណា ជាប្រធាន បានប្រកាសនៅថ្ងៃនេះថា សមាគមនឹងរៀបចំការបោះឆ្នោតជ្រើសរើសប្រធានថ្មី នៅពេលឆាប់ៗខាងមុខនេះ ដើម្បីរកអ្នកបន្តដឹកនាំសមាគម ទៅថ្ងៃអនាគត ស្របតាមលក្ខន្តិកៈដែលសមាគមមាន និងទទួលស្គាល់ដោយក្រសួងមហាផ្ទៃ។ ក្នុងនោះសមាគមក៏បានបើកឱកាស ដល់សិល្បករ-សិល្បការិនីរៀមច្បង ដែលមានបំណងចង់ធ្វើប្រធានថ្មី ដើម្បីបានឈរឈ្មោះបោះឆ្នោត និងទទួលបានសំឡេងច្រើនលើសលប់ ពីសមាជិករបស់ខ្លួន។

ប្រធានសមាគមសិល្បករខ្មែរ អ្នកនាង ចន ច័ន្ទលក្ខិណា បានថ្លែងបញ្ជាក់ក្នុងបណ្ដាញសង្គមផ្លូវការរបស់ខ្លួនថា «ក្នុងនាមសមាគមសិល្បករខ្មែរ​ នាងខ្ញុំមានកិត្តិយស សូមគោរពជម្រាបជូនលោកជំទាវម៉ែ ហ៊ុន ស៊ីណាត និង បងប្អូនសិល្បករ-សិល្បការិនី ក៏ដូចជាសាធារណជនទាំងអស់មេត្តាជ្រាបថា យោងតាមលក្ខន្តិកៈរបស់សមាគមសិល្បករខ្មែរ ដែលទទួលស្គាល់ដោយក្រសួងមហាផ្ទៃ ការបោះឆ្នោតជ្រើសរើសប្រធានសមាគមមានអាណត្តិ ៥ឆ្នាំម្តង។ ដោយឡែកសម្រាប់អាណត្តិនាងខ្ញុំចាប់ផ្ដើមពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ ២០១៧ រហូតមកដល់ពេលនេះមានរយៈពេលជាង ៦ឆ្នាំហើយ។ នោះក៏ព្រោះតែឆ្នាំទី៥ដែលត្រូវបោះឆ្នោត​ គឺជាពេលវេលាកំពុងមានវិបត្តិធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលមិនអនុញ្ញាតឲ្យមានការជួបជុំឡើយ ទើបថ្នាក់ដឹកនាំរបស់សមាគម សម្រេចពន្យាពេលបោះឆ្នោតអណត្តិថ្មី រហូតមកដល់បច្ចុប្បន្ន»។

អ្នកនាង ចន ច័ន្ទលក្ខិណា បានបន្តទៀតថា «ទោះបីជាយ៉ាងណា​ សមាគមកំពុងធ្វើការជាមួយស្ថាប័នដែលពាក់ព័ន្ធ ដើម្បីរៀបចំការបោះឆ្នោតអាណត្តិថ្មីនៅក្នុងឆ្នាំនេះ។ សមាគមសូមស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះរៀមច្បងសិល្បករ​ និងបងប្អូនសិល្បករ សិល្បការិនីទូទៅ​ ដែលមានបំណងចង់ឈរឈ្មោះបោះឆ្នោត​ ដើម្បីបន្តដឹកនាំសមាគមសិល្បករខ្មែរក្នុងអាណត្តិថ្មី ឲ្យកាន់តែរីកចម្រើន សំដៅគាំពារដល់សិល្បករគ្រប់ទម្រង់ ជាពិសេសសិល្បករចាស់ជរា​ មានពិការភាព​ និងមានជីវភាពខ្វះខាតជាដើម»។

ជាមួយនឹងការប្រកាសជាផ្លូវការនេះ អ្នកនាង ចន ច័ន្ទលក្ខិណា ក៏បានដាក់នូវលេខទូរស័ព្ទ ដើម្បីទាក់ទងសួរបញ្ជាក់នូវព័ត៌មានលម្អិត តាមរយៈលេខ ០១៧ ៩៩០ ៣៣២។ ជាមួយគ្នានេះអ្នកនាង ចន ច័ន្ទលក្ខិណា ក៏សូមគោរពអរគុណដល់ថ្នាក់ដឹកនាំ​ និងបងប្អូនសិល្បករទាំងអស់​ ដែលបានគាំទ្ររូបនាងធ្វើជាប្រធាននាពេលកន្លងមក៕