(អេមស្ទឺដាម)៖ តុលាការហូឡង់ នៅថ្ងៃពុធបានកាត់ក្តីដោយលាក់បាំង សម្រេចឱ្យខ្សែប្រយុទ្ធក្លិបរុស្ស៊ី Spartak Moscow កីឡាករ Quincy Promes ជាប់ពន្ធនាគាររយៈពេល ៦ឆ្នាំ ពីបទជួញដូរគ្រឿងញៀន។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤។

អតីតកីឡាករអន្តរជាតិហូឡង់ Promes មិនមានវត្តមានក្នុងការកាត់ក្តីនៅតុលាការនោះទេ, ហើយមិនត្រូវបានគេរំពឹងថា នឹងវិលត្រឡប់ទៅកាន់ប្រទេសហូឡង់វិញនោះផងដែរ ក្នុងរយៈពេលអនាគតដ៏ខ្លីខាងមុខនោះទេ។

Promes បានជាប់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន ប្រភេទកូកាអ៊ីន ទម្ងន់១,៣៦០គីឡូក្រាម ពីកំពង់ផែ Antwerp ប្រទេសបែលហ្ស៊ិក ទៅកាន់ប្រទេសហូឡង់ ក្នុងការដឹកជញ្ជូនចំនួន ២លើក នៅឆ្នាំ២០២០។

តុលាការក៏បានឱ្យដឹងថា សម្លេងទូរស័ព្ទបានបង្ហាញថា Promes បានទាក់ទងដោយផ្ទាល់ ជាមួយនឹងការដឹកជញ្ជូនគ្រឿងញៀន ដោយលាក់ក្នុងការដឹកជញ្ជូនអំបិល មកពីប្រទេសប្រេស៊ីល និងការដឹកជញ្ជូនបន្តរបស់ពួកគេ ពីកំពង់ផែ។

ខណៈមេធាវីរបស់រូបគេ ក៏បានប្រាប់សារព័ត៌មានហូឡង់ថា កីឡាករ Promes នឹងដាក់ពាក្យបណ្តឹងឧទ្ធរណ៍ ចំពោះការកាត់ទោសលើរូបគេ ខណៈបានបដិសេធ ចំពោះការចោទប្រកាន់លើការនាំចូល, នាំចេញ, ការដឹកជញ្ជូន និងកាន់កាប់គ្រឿងញៀន។

នៅក្នុងសំណុំរឿងមួយទៀត របស់តុលាការប្រទេសហូឡង់ អតីតខ្សែប្រយុទ្ធ Ajax Amsterdam និង Sevilla មានវ័យ ៣២ឆ្នាំ Quincy Promes ក៏ត្រូវបានកាត់ទោសជាកំបាំងមុខមួយ ដោយសម្រេចឱ្យជាប់ន្ធនាគារ ១៨ខែ ពីបទពាក់ព័ន្ធនឹងការវាយតប់គ្នានៅឆ្នាំ២០២០ ដែលរូបគេបានចាក់បងប្អូនជីដូនមួយនៅត្រង់ជង្គង់។

Promes ជាខ្សែប្រយុទ្ធមួយរូបកំពុងរកបាន ៤៦គ្រាប់ពីការលេង ៤រដូវកាលជាមួយក្លិប Spartak Moscow និងធ្លាប់លេងបាន ៥០លើកជាមួយជម្រើសជាតិហូឡង់ រកបាន ៧គ្រាប់៕