(ម៉ូនិច)៖ ក្រុមខ្លារខិន Bayern Munich បានលេងចាញ់ម្ចាស់ផ្ទះ Lazio ១ទល់នឹង០ នៅថ្ងៃបើកឆាកជើងទី១ នៃវគ្គ ១៦ក្រុមចុងក្រោយពានរង្វាន់អឺរ៉ុប UEFA Champions League របស់ពួកគេនាយប់មិញនេះនៅប្រទេសអ៊ីតាលី។

ខ្សែប្រយុទ្ធ Ciro Immobile ជាអ្នកស៊ុតបាល់ប៉េណាល់ទីបានសម្រេចនៅនាទី៦៩ ក្រោយពេល Dayot Upamecano ត្រូវបានពិន័យកាតក្រហមបណ្តេញចេញពីទីលាន ដោយសារបង្កកំហុសទៅលើកីឡាករ Gustav Isaksen របស់ក្រុម Lazio។

យ៉ាងនេះក្តី វាជាគ្រាប់បាល់ទី១០ ក្នុងរដូវកាលឆ្នាំ២០២៣-២០២៤ របស់កីឡាករអន្តរជាតិអ៊ីតាលី Immobile ផងដែរ និងជាជ័យជម្នះដ៏ធំរបស់ Lazio ដែរ ក្នុងការយកឈ្នះក្រុមខ្លាំងមកពីលីគកំពូលអាល្លឹម៉ង់ Bundesliga មួយនេះ។

Bayern Munich ដែលមានតារាជើងស៊ុត Harry Kane ដោយបានលេងពេញម៉ោងផងនោះ ពុំអាចឆ្លើយតបទៅនឹង ម្ចាស់ផ្ទះបានឡើយ បើទោះពីជាមានឱកាសរកគ្រាប់បាល់ ២លើកក៏ដោយ និងបានក្លាយជាការបរាជ័យលើកទី២ ជាប់ៗគ្នារបស់ពួកគេផងដែរ គិតចាប់តាំងពីចាញ់ម្ចាស់ផ្ទះ Bayer Leverkusen ៣-០ ក្នុងលីគកាលពីរាត្រីថ្ងៃសៅរ៍សប្តាហ៍មុន និងដាច់ ៥ពិន្ទុក្នុងតារាងពិន្ទុ Bundesliga ទៀតដែរ។

ក្រុមដែលកំពុងដឹកនាំដោយលោក Thomas Tuchel ត្រូវតែពង្រឹងទម្រង់លេងឡើងវិញ នៃជំនួបជើងទី២ ក្នុងកីឡដ្ឋាន Allianz Arena របស់ខ្លួនសម្រាប់ជើងទី២ នារាត្រីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ ក្នុងការប្រជែងកៅអីឡើងទៅវគ្គ ៨ក្រុម៕