(ភ្នំពេញ)៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) គ្រោងសហការជាមួយអង្គការសាមគ្គីអូឡាំពិក ដើម្បីរៀបចំវគ្គសិក្សាគ្រប់គ្រងកីឡាកម្រិតខ្ពស់ “Advanced Sports Management Courses” ដើម្បីពង្រឹងសមត្ថភាព និងចំណេះដឹងដល់ថ្នាក់ដឹកនាំសហព័ន្ធកីឡាជាតិ និងថ្នាក់ដឹកនាំស្ថាប័នកីឡានានា ឆ្ពោះទៅរកការដឹកនាំគ្រប់គ្រង និងអភិវឌ្ឍន៍បានកាន់តែល្អប្រសើរ ស្របតាមស្ដង់ដារចលនាអូឡាំពិកអន្ដរជាតិ។

នេះបើតាមការលើកឡើងរបស់លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រី និងប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ថ្លែងក្នុងពិធីបិទវគ្គសិក្សាសាមគ្គីអូឡាំពិក ស្ដីពីរដ្ឋបាលកីឡា នៅល្ងាចថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោយដំណើរការសិក្សារយៈពេល ៤ថ្ងៃ នៅទីស្នាក់ការ NOCC។ វគ្គនេះ រៀបចំដោយ NOCC ក្រោមជំនួយឧបត្ថម្ភរបស់អង្គការសាមគ្គីអូឡាំពិក (OS) ដោយមានសិក្ខាកាមចូលរួមសរុប ៧០នាក់។

លោកទេសរដ្ឋមន្ដ្រី មានប្រសាសន៍ថា វគ្គរដ្ឋបាលកីឡានេះ គឺជាវគ្គសិក្សាមូលដ្ឋានគ្រឹះដ៏មានសារៈសំខាន់ សម្រាប់មន្រ្តីកីឡា ដែលកំពុងបម្រើការងារនៅតាមសហព័ន្ធកីឡាជាតិ និងអង្គភាពពាក់ព័ន្ធនឹងកីឡា ក្នុងការពង្រឹងចំណេះដឹងពាក់ព័ន្ធនឹង មូលដ្ឋានគ្រឹះនៃចលនាអូឡាំពិក គោលការណ៍ រចនាសម្ព័ន្ធ ការដឹកនាំចលនាអូឡាំពិក និងអភិបាលកិច្ចល្អ ការគ្រប់គ្រងអង្គភាព និងធនធានមនុស្ស ការអភិវឌ្ឍអត្តពលិក និងគោលការណ៍ Fair Play ការរៀបចំព្រឹត្តិការណ៍កីឡា វេជ្ជសាស្ត្រកីឡា-អាហាររូបបត្ថម្ភ និងការលើកម្ពស់គុណតម្លៃអូឡាំពិក និងកីឡា។

ប៉ុន្ដែដើម្បីឆ្លើយតបការអភិវឌ្ឍកីឡាកម្រិតខ្ពស់ ស្របតាមស្ដង់ដារ និងការចង់បានរបស់គណៈកម្មាធិការអូឡាំពិកអន្ដរជាតិ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា គ្រោងរៀបចំវគ្គសិក្សាគ្រប់គ្រងកីឡាកម្រិតខ្ពស់បន្ថែមទៀត ចាប់ពីឆ្នាំ២០២៥ តទៅ ដើម្បីផ្ដល់ឱកាសដល់ថ្នាក់ដឹកនាំសហព័ន្ធកីឡាជាតិ និងថ្នាក់ដឹកនាំស្ថាប័នកីឡា បានពង្រឹងសមត្ថភាព និងចំណេះដឹងរបស់ខ្លួនបន្ថែមទៀត ក្នុងការគ្រប់ក្រងស្ថាប័នកីឡារបស់ខ្លួនប្រកបដោយប្រសិទ្ធភាព និងស័ក្ដិសិទ្ធភាព ស្របតាមគោលការណ៍ដឹកនាំរបស់ចលនាអូឡាំពិក។

លោកបណ្ឌិត ថោង ខុន បានពន្យល់បន្ថែមថា វគ្គសិក្សាគ្រប់គ្រងកីឡាកម្រិតខ្ពស់នេះ គឺជាវគ្គគ្រប់គ្រងកីឡាស៊ីជម្រៅ ដែលគ្របដណ្តប់លើ ៦ផ្នែក រួមមាន៖ អង្គការ/អភិបាលកិច្ច ការគ្រប់គ្រងយុទ្ធសាស្ត្រ ការគ្រប់គ្រងធនធានមនុស្ស ការគ្រប់គ្រងហិរញ្ញវត្ថុ ទីផ្សារ និងការរៀបចំព្រឹត្តិការណ៍ ដោយតម្រូវឲ្យសិក្សាក្នុងថ្នាក់រៀនរយៈពេល ១៥ ថ្ងៃ និងស្វ័យសិក្សារយៈពេល ១៨ថ្ងៃ។ ដើម្បីបើកវគ្គនេះ លុះត្រាមានការប្រឡងមន្ដ្រីគ្រប់គ្រងវគ្គជាមុនសិន ខណៈកម្ពុជាបានបញ្ជូនមន្ដ្រីទៅប្រឡងជាប់ដោយជោគជ័យ គឺលោក ប៊ុយ សុភ័ណ្ណ។

លោកទេសរដ្ឋមន្ដ្រីបន្ដទៀតថា កីឡា មិនមែនជារឿងងាយស្រួល ដូចសាធារណៈមិតមួយចំនួន លើកឡើងថា គ្រាន់តែចេះលេងកីឡា គឺចប់នោះទេ។ កីឡា គឺមានភាពស្មុគស្មាញច្រើន ហើយដើម្បីរៀបចំព្រឹត្តិការណ៍កីឡា ឬធ្វើការអភិវឌ្ឍកីឡាមួយឲ្យបានត្រឹមត្រូវតាមបទដ្ឋានអន្ដរជាតិ សំខាន់ គឺត្រូវមានមន្ដ្រីកីឡា ឬអ្នកចេះដឹងពីកីឡាច្បាស់លាស់ ទើបប្រទេសនីមួយៗ មានការអភិវឌ្ឍកីឡាបានត្រឹមត្រូវ ឆ្លើយតបទៅនឹងស្ដង់ដារ និងការចង់បានរបស់ចលនាអូឡាំពិកអន្ដរជាតិ។ ការអភិវឌ្ឍនេះ ត្រូវការការបណ្ដុះបណ្ដាលច្រើន មិនមែនបណ្ដុះបណ្ដាលតែកីឡាករ-កីឡាការិនីនោះទេ។

គួរដឹងថា វគ្គសាមគ្គីអូឡាំពិក ស្ដីពីរដ្ឋបាលកីឡា ឆ្នាំ២០២៤ NOCC គ្រោងរៀបចំ ៤វគ្គ ដោយផ្ដើមចេញពីរាជធានីភ្នំពេញ ដែលបានរៀបចំចាប់ពីថ្ងៃទី១២-១៥ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ មុនបន្ដរៀបចំនៅខេត្តកំពង់ចាម, ខេត្តត្បូងឃ្មុំ និងខេត្តឧត្តរមានជ័យ នាពេលខាងមុខ។ ចំពោះលទ្ធផលសិក្សាវគ្គរដ្ឋបាលកីឡា ដែលទើបបញ្ចប់ថ្ងៃនេះ ក្នុងចំណោមសិក្ខាកាម ៧០នាក់ គឺទទួលបាននិទ្ទេសល្អណាស់ ១៣នាក់, និទ្ទេសល្អ ២៨នាក់ និងនិទ្ទេសមធ្យម ២៩នាក់។ សម្រាប់វិញ្ញាបនបត្រ ដែលផ្ដល់ជូនសិក្ខាកាម ក៏មានការទទួលស្គាល់ដោយគណៈកម្មាធិការអូឡាំពិកអន្ដរជាតិផងដែរ៕