(ភ្នំពេញ)៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានតែងតាំងលោក Ichikawa Shigeaki ជានាយកបច្ចេកទេសថ្មីរបស់សហព័ន្ធ ជំនួសតំណែងលោក Kazunori Ohara ដែលកាន់តំណែងនេះជិត ១០ឆ្នាំ។ លោក Ichikawa គឺជាអតីតនាយកបច្ចេកទេសសមាគមបាល់ទាត់ខេត្ត Gifu ប្រទេសជប៉ុន។

ក្រោយចូលកាន់តំណែងជានាយបច្ចេកទេសថ្មីខាងលើនៅថ្ងៃទី១៥ ខែកុម្ភៈម្សិលមិញ លោក Ichikawa បានចូលជួបសម្ដែងការគួរសមចំពោះលោកនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដើម្បីសំណេះសំណាល និងពិភាក្សាការងារមួយចំនួន មុនលោកចាប់ផ្ដើមការងារក្នុងការរួមចំណែកអភិវឌ្ឍន៍វិស័យបាល់ទាត់កម្ពុជា។

តាមការបញ្ជាក់លើបណ្ដាញសង្គមរបស់សហព័ន្ធបានឲ្យដឹងថា លោក Ichikawa គឺជាបេក្ខជនដែលមានបទពិសោធន៍ម្នាក់ ធ្លាប់ធ្វើការជានាយកបច្ចេកទេសនៅខេត្ត Gifu ប្រទេសជប៉ុន អស់រយៈពេលជាង ១០ឆ្នាំ។ លោកមិនត្រឹមតែចូលរួមអភិវឌ្ឍន៍យុវជន និងជាគ្រូបង្ហាត់សម្រាប់វគ្គបណ្តុះបណ្តាលអាជ្ញាបណ្ណគ្រូបង្វឹក JFA/AFC B, C និង D នោះទេ ថែមទាំងនៅក្នុងការគ្រប់គ្រង និងអភិវឌ្ឍន៍លីគយុវជនក្នុងស្រុកផងដែរ។

ការបង្ហាញនាយកបច្ចេកទេសថ្មីនេះដែរ ធ្វើឡើងកន្លះខែ ក្រោយការចាកចេញរបស់លោក Kazunori Ohara ដែលបានកាន់តំណែងនេះកាលពីដើមឆ្នាំ២០១៥ រហូតដល់ដំណាច់ខែមករា ឆ្នាំ២០២៤ ក្នុងបេសកកម្ម នៃកិច្ចសហការរវាងសមាគមកីឡាបាល់ទាត់ជប៉ុន (JFA) និងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។ លោក Ohara បានចំណាយពេល ៩ឆ្នាំនៅកម្ពុជា ដោយបន្សល់នូវសមិទ្ធផលជាច្រើន មុនចាកចេញពីកម្ពុជា ទៅជប៉ុនវិញ៕