(ភ្នំពេញ)៖ សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយមន្ទីរពេទ្យអឃីដ ដើម្បីផ្សារភ្ជាប់ការអប់រំ និងការថែទាំសុខភាពសិស្សជាលើកដំបូងនៅកម្ពុជា។

ពិធីចុះហត្ថលេខានេះ បានធ្វើឡើងនាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វីសត៍ (ផ្លូវ២០០៤) រវាងលោក Michael Wildle ប្រធាននាយកប្រតិបត្តិនៃសាលា អន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ និងលោក Emerson Manny Mar នាយកប្រតិបត្តិនៃមន្ទីរពេទ្យអឃីដ។

ការចុះអនុស្សរណៈនៃការយោគយល់គ្នានៅពេលនេះជាការបោះជំហានដ៏សំខាន់មួយឆ្ពោះទៅរកការជំរុញកិច្ចសហការរវាងសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ និងមន្ទីរពេទ្យអឃីដ ក្នុងវិស័យអប់រំ និងសុខាភិបាល។

កិច្ចព្រមព្រៀងរវាងស្ថាប័នទាំងពីរ បានរំលេចនូវចក្ខុវិស័យរួមគ្នាក្នុងការផ្ដល់ការអប់រំដែលមានគុណភាពខ្ពស់ និងសេវាថែទាំសុខភាពល្អប្រសើរក៏ព្រោះតែការអប់រំ និងការថែទាំសុខភាព គឺជារឿងពីរដែលមិនអាចកាត់ផ្តាច់ពីគ្នាបានក្នុងទិសដៅកសាងធនធានមនុស្សដែលមានគុណសម្បទាពេញលេញ។

ថ្លែងក្នុងពិធីចុះហត្ថលេខានេះ លោក Michael Wilde ប្រធាននាយកប្រតិបត្តិនៃសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះលោក Emerson Manny Mar និងសហការី ដែលអញ្ជើញមកពីមន្ទីរពេទ្យអឃីដ ហើយលោកបានគូសបញ្ជាក់អំពីសារៈសំខាន់នៃការធ្វើការរួមគា្នក្នុងភាពជាដៃគូជាមួយមន្ទីរពេទ្យអឃីដ លោកជឿជាក់យ៉ាងមុតមាំថាភាពជោគជ័យក្នុងការសិក្សារបស់សិស្ស គឺមិន អាស្រ័យទាំងស្រុងទៅលើតែការអប់រំតែមួយមុខប៉ុណ្ណោះទេ ប៉ុន្តែក៏អាស្រ័យផងដែរលើការថែទាំសុខភាពរបស់សិស្ស។

ជាការឆ្លើយតបលោក Emerson Manny Mar នាយកប្រតិបត្តិនៃមន្ទីរពេទ្យអឃីដ បានថ្លែងអំណរគុណដល់លោក Michael សម្រាប់ឱកាសធ្វើការរួមគ្នាជាមួយនឹងសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ហើយលោកបានបញ្ជាក់ថា ការធ្វើការរួមគ្នាជាមួយនឹងសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វីសត៍ ជាជំហានដ៏សំខាន់មួយក្នុងការផ្តល់សេវាកម្មអប់រំ និងសុខាភិបាលដែលល្អបំផុតជូនដល់អតិថិជន។

តាមរយៈភាពជាដៃគូនេះលោក Mar ជឿជាក់ថាសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ និងមន្ទីរពេទ្យអឃីដ អាចធ្វើការរួមគ្នាក្នុងរយៈពេលវែង ដើម្បីកសាងធនធានមនុស្សដែលមានគុណវុឌ្ឍិគ្រប់ជ្រុងជ្រោយសម្រាប់ប្រទេសកម្ពុជា។

សូមបញ្ជាក់ថា តាមរយៈអនុស្សរណៈនៃការយោគយល់គ្នានេះបុគ្គលិក និងអតិថិជនរបស់សា្ថប័នទាំងពីរនឹងទទួលបាននូវអត្ថប្រយោជន៍ជាច្រើន ក្នុងការប្រើប្រាស់សេវាអប់រំ របស់សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ និងសេវាសុខាភិបាលរបស់មន្ទីរពេទ្យអឃីដ៕