(បរទេស)៖ ខ្សែប្រយុទ្ធ Romelu Lukaku រកបាន ១គ្រាប់ជួយ AS Roma បញ្ចប់ក្នុងលទ្ធផលស្មើគ្នា ១-១ ទល់នឹងម្ចាស់ផ្ទះ Feyernoord នាយប់មិញនេះ ក្នុងជើងទី១ នៃពានរង្វាន់លំដាប់ទី២ ប្រចាំទ្វីបអឺរ៉ុប UEFA Europa League វគ្គ ៣២ក្រុម។

នេះក៏ជាគ្រាប់បាល់ទី២១ របស់កីឡាករអន្តរជាតិប៊ែលហ្សិក ក្នុងការបង្ហាញខ្លួនបាន ១៨លើកចុងក្រោយនៅ UEL នេះដែរ ដែលជាការបោះបាល់ឱ្យស៊ុតពីសំណាក់មិត្តរួមក្រុម Leonardo Spinazzola ដ្បិតក្លិបអ៊ីតាលី Roma ស្ថិតក្រោម ការបង្វឹកដោយលោក Daniele de Rossi បន្តតំណែងពីលោក Jose Mourinho។

ក្នុងជំនួប ៩០នាទីពេញនោះដែរ ខាងម្ចាស់ផ្ទះ Feyernoord របស់ហូឡង់បានបើកការនាំមុខ ១គ្រាប់មុនពីការតែតបញ្ចូលទីបានសម្រេចដោយកីឡាករ Igor Paixao តាំងពីចុងវគ្គទី១ មកម្ល៉េះ មុនពេលត្រូវបាន Lukaku រកបានគ្រាប់តាមស្មើវិញនៅនាទី៦៧ ដើម្បីទុកធ្វើទុនមុនពេលលេងជើងទី២ នារាត្រីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងការប្រជែងកៅអីឡើងទៅវគ្គ ១៦ក្រុម។

ក្នុងប្រកួតនាយប់មិញនេះដែរ អតីតខ្សែប្រយុទ្ធ Arsenal និង Chelsea គឺ Pierre-Emerick Aubameyang ក៏រកបាន ១គ្រាប់ផងដែរនៅ Europa League ពេល Marseille បានបញ្ចប់ក្នុងលទ្ធផលស្មើ ២-២ ជាមួយ Shakhtar Donetsk នៅទីក្រុង Hamburg ប្រទេសអាល្លឺម៉ង់។ ១គ្រាប់បន្ថែមនេះដែរ ញាំងឱ្យកីឡាករអន្តរជាតិកាបុងតាមទាន់កំណត់ត្រាស៊ុតបាន ៣០គ្រាប់ច្រើនជាងគេនៅពានលំដាប់ទី២ អឺរ៉ុបនេះរបស់ Radamel Falcao៕