(សៀមរាប)៖ ក្រុមអ្នកបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា កំពុងជួសជុលពង្រឹងខ្លោងទ្វារទី២ ខាងកើតប្រាសាទប្រែរូប ដែលទ្រុឌទ្រោមខ្លាំង។

ការងារជួសជុលនេះក្រុមអ្នកបច្ចេកទេសបានអនុវត្តការងារសំខាន់ចំនួន២ គឺជួសជុលពង្រឹងឡើងវិញតួប៉មឥដ្ឋដែលមានសភាពពុកផុយ ពង្រឹងរចនាសម្ពន្ធថ្មភក់និងថ្មបាយក្រៀមផ្នែកខាងក្រោម ព្រមទាំងបិទបាយអតាមស្នាមប្រេះ និងចន្លោះប្រហោងការពារជម្រាបទឹកផងដែរ។ នេះគឺជាផ្នែកមួយនៃកិច្ចការអភិរក្ស ដែលអាជ្ញាធរជាតិអប្សរាបានអនុវត្តជាប្រចាំ ក្នុងគោលគំនិតដើម្បីថែរក្សា លើកតម្លៃប្រាសាទផង និងដើម្បីរក្សាសុខសុវត្ថិភាពដល់ភ្ញៀវទេសចរផង។

សូមបញ្ជាក់ថា ប្រាសាទប្រែរូបត្រូវបានកសាងឡើងនាចុងសតវត្សទី១០ក្នុងគ.ស.៩៦១ ដោយព្រះបាទរាជេន្ទ្រវរ្ម័នទី២ បច្ឆាមរណនាម «សិវលោក» ដើម្បីឧទ្ទិសថ្វាយចំពោះលទ្ធិព្រហ្មញ្ញសាសនា៕