(ឡុងដ៍)៖ ខ្សែប្រយុទ្ធក្លិបសារិកាព្រៃ Newcastle United កីឡាករ Callum Wilson នឹងទទួលការវះកាត់ បន្ទាប់ពីមានរបួសសាច់ដុំទ្រូង ដែលបានកើតឡើងនៅអំឡុងពេលប្រកួតឈ្នះ ៣-២ លើក្លិប Nottingham Forest ប៉ុន្តែអ្នកចាត់ការ Eddie Howe រំពឹងថា លោកនឹងវិលត្រឡប់មកវិញ មុនពេលចប់រដូវកាលនេះ។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤។

កីឡាករអន្តរជាតិអង់គ្លេសរូបនេះ មានបញ្ហារបួសជាច្រើន ក្នុងរដូវកាលនេះ ជាមួយនឹងបញ្ហាសរសៃពួរ និងបញ្ហាកំពួនជើង បានធ្វើឱ្យលោកអវត្តមានអស់រយៈពេលជាង ២ខែ គិតចាប់ពីខែកញ្ញា។

«វាជារបួសចម្លែកមួយ។ គាត់បានប៉ះគ្នាជាមួយខ្សែការពារកណ្តាលនៅចុងម៉ោង។ វាជារបួសសាច់ដុំ»។ លោក Howe បានប្រាប់អ្នកសារព័ត៌មាន។

Wilson រកបាន ៧គ្រាប់ ក្នុងការបង្ហាញខ្លួន ១៦លើករបស់លោក សម្រាប់ក្លិប Newcastle ក្នុងរដូវកាលនេះ។

​សូមជម្រាបថា Newcastle កំពុងស្ថិតនៅចំណាត់ថ្នាក់ទី៧ ក្នុងតារាង Premier League ដោយមាន ៣៦ពិន្ទុ ពី២៤ប្រកួត។ ពួកគេនឹងធ្វើជាម្ចាស់ផ្ទះ ទទួលក្លិបចំណាត់ថ្នាក់ទី១៣ Bournemouth នៅថ្ងៃសៅរ៍នេះ៕