(បរទេស)៖ ថ្មីៗនេះក្រុមហ៊ុន OpenAI ដែលគាំទ្រដោយក្រុមហ៊ុនមេ Microsoft បានបង្ហាញសមិទ្ធផលថ្មីមួយដែលមានឈ្មោះថា Sora ដែលជា AI ថ្មីរបស់ខ្លួន វាមានសមត្ថភាពអាចបង្កើតវីដេអូបាន ដោយគ្រាន់តែបញ្ជូលអត្ថបទ និងសាច់រឿងដែលយើងចង់បង្កើតបណ្ណោះ។ ខណៈបច្ចេកវិទ្យា AI ថ្មីនេះ បានធ្វើឱ្យអ្នកនិយមលេងបណ្តាញអ៊ីនធឺណិតជាច្រើនកំពុងផ្ទុះការភ្ញាក់ផ្អើលជាខ្លាំងក្រោយឃើញមានវីដេអូប៉ុន្មានឃ្លីបដែលបង្ហោះដោយនាយកប្រតិបត្តិក្រុមហ៊ុន OpenAI លោក Sam Altman។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤។

យោងតាមសេចក្តីថ្លែងការណ៍ពីក្រុមហ៊ុន OpenAI បានឱ្យដឹងថា Sora ជំនាន់ដំបូងនេះវាមានសមត្ថភាពអាចបង្កើតវីដេអូបាន តាមរយៈការ Generate ពី អត្ថបទ ទៅជាវីដេអូ ដោយកំណត់រយៈពេលយូរបំផុតត្រឹម ១នាទី។ ជាងនេះទៅទៀតវាមានសមត្ថភាពអាចបង្កើតឈុតឆាកស្មុគ្រស្មាញ ជាមួយនឹងតួអង្គជាច្រើននាក់ រូមទាំងអាចធ្វើឱ្យវីដេអូមានចលនា និងផ្តល់ជូននូវគុណភាពវីដេអូច្បាស់ល្អថែមទៀតផង។

ឆ្លើយតបទៅនឹងការព្រួយបារម្មណ៍អំពីការប្រើប្រាស់ AI ដោយតែងតែមានការលើកឡើងជុំវិញកង្វល់អសន្តិសុខជាតិ ក្រុមហ៊ុនក៏បានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍នោះដែលថា រាល់គ្រប់វីដេអូដែលបង្កើតឡើងដោយ Sora យើងនឹងមានភ្ជាប់មកជាមួយនឹងនូវ watermark ដើម្បីសម្គាល់ថាជាវីដេអូបង្កើតដោយបញ្ញាសិប្បនិម្មិត (AI)។ មិនត្រឹមតែប៉ុណ្ណោះឥឡូវនេះយើងក៏កំពុងបង្រៀន AI ឱ្យយល់កាន់តែស៊ីជម្រៅនូវអត្ថបទដែលបានបញ្ចូល និងបង្កើតទៅជាវីដេអូដែលអ្នកប្រើប្រាស់ចង់បាននោះដែរ ដើម្បីធានាបានថា គ្រប់អ្វីដែលអ្នកប្រើប្រាស់ត្រូវការនឹងមានដោយផ្អែកលើគំរូម៉ាស៊ីន AI ដ៏ធំ (Dall-E) របស់ក្រុមហ៊ុនផ្ទាល់តែម្តង។

គួរជម្រាបដែរថា បច្ចេកវិទ្យា AI «Sora» ថ្មីនេះនៅមិនទាន់ដាក់ឱ្យប្រើប្រាស់ជាសាធារណៈនៅឡើយនោះទេ ខណៈពេលវេលាជាក់លាក់នឹងមកដល់ OpenAI ឱ្យដឹងតាមក្រោយ។ តែយ៉ាងណាប្រសិនបើបច្ចេកវិទ្យា AI ជំនាន់ថ្មីនេះចេញផ្សាយជាសាធារណៈនោះត្រូវបានគេរំពឹងថា អ្នកផលិតមាតិកាទាំងអស់នឹងកាន់តែងាយស្រួលថែមមួយកម្រិតទៀត៕