(កំពង់ស្ពឺ)៖ កីឡាករជាតិ-អន្តរជាតិបាននាំយករថយន្តប្រភេទ JDM ជាង២០គ្រឿងចូលរួមព្រឹត្តិការណ៍ Test Drive Together ដែលជាការប្រកួតបើកបរសាកល្បងលើកដំបូង នៅទីលានយ៉ាម៉ាម៉ូតុ ខេត្តកំពង់ស្ពឺ ដើម្បីពង្រឹងបច្ចេកទេសយានយន្ត បច្ចេកទេសបើកបរ ការយល់ដឹងពីលក្ខន្តិកៈប្រកួត មុនឈានទៅដល់ការរៀបចំប្រកួតលក្ខណៈស្ដង់ដានាពេលខាងមុខ។

លោក វង្ស គឹមហួត ដែលគេស្គាល់ថាជាកីឡាករឆ្នើមក្នុងវិស័យកីឡាយានយន្តមួយរូបនោះ គឺជាអ្នកផ្ដួចផ្ដើម និងជាប្រធានគណៈកម្មការរៀបចំព្រឹត្តិការណ៍ Test Drive Together នេះ។ លោកបានឱ្យដឹងថា នេះជាការរៀបចំប្រកួតបើកបរសាកល្បងរថយន្តប្រភេទ JDM លើកដំបូងបង្អស់នៅកម្ពុជា ពិសេសគឺមានអ្នកចូលរួមទាំងជាតិនិងអន្តរជាតិ។

លោក វង្ស គឹមហួត បានបន្តថា នៅកម្ពុជាកន្លងមកធ្លាប់តែមានការប្រកួតម៉ូតូហោះ (Moto Cross) រថយន្តឆ្លងកាត់ឧបសគ្គ (Off Road) ក៏ដូចជារថយន្តទាបៗ (Folmela one) ជាដើម។ ដោយឡែក ការប្រកួតរថយន្តប្រភេទ JDM បែបនេះ មិនទាន់ត្រូវបានរៀបចំឡើងជាលក្ខណៈអន្តរជាតិនៅឡើយទេ។

អ្នកជំនាញរថយន្តរូបនេះមានសុទិដ្ឋនិយមថា នាថ្ងៃខាងមុខ នឹងមានការប្រកួតរថយន្តប្រភេទ Super Car ជាលក្ខណៈស្ដង់ដានៅកម្ពុជា។ ដូច្នេះហើយទើបលោកខិតខំរៀបចំព្រឹត្តិការណ៍ Test Drive Together នេះឡើង ដើម្បីឱ្យអ្នកចូលរួមមានឱកាសពង្រឹងបច្ចេកទេសយានយន្ត បច្ចេកទេសបើកបរ បង្កើនការយល់ដឹងពីលក្ខន្តិកៈប្រកួត មុនឈានទៅដល់ការរៀបចំប្រកួតលក្ខណៈស្ដង់ដានាពេលខាងមុខ។

គួរជម្រាបថា ព្រឹត្តិការណ៍នេះរៀបចំទៅបាន ដោយមានការគាំទ្រពីយានដ្ឋាន VKH របស់លោក វង្ស គឹមហួត ផ្ទាល់តែម្ដង ដែលជាយានដ្ឋានជួសជុលរថយន្តឈានមុខគេមួយនៅកម្ពុជា។ ចំពោះព្រឹត្តិការណ៍ដ៏ទាក់ទាញនេះ ក៏បានទាក់ទាញអ្នកចូលរួមទស្សនាប្រមាណជាង២០០នាក់ផងដែរ។

ចំពោះលទ្ធផលនៃការប្រកួតសាកល្បងក្នុងពេល១ថ្ងៃនេះនឹងបង្ហាញនៅពេលក្រោយ៕