(ឡុងដ៍)៖ កីឡាករ Mohamed Salah រកបានគ្រាប់បាល់ជាលើកដំបូងរបស់លោក សម្រាប់ក្លិបហង្សក្រហម Liverpool គិតចាប់តាំងពីថ្ងៃបុណ្យចូលឆ្នាំថ្មីមក ខណៈពួកគេយកឈ្នះ ៤-១ លើក្លិប Brentford បើកការនាំមុខ ៥ពិន្ទុ ស្ថិតនៅកំពូលតារាង Premier League។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤។

ជាមួយគ្នានោះកីឡាករ Darwin Nunez បានរកគ្រាប់បាល់នាំមុខ សម្រាប់ក្លិប Liverpool មុនពេលកីឡាករ Alexis Mac Allister រកបានគ្រាប់បាល់ទី២ នៅឯកីឡដ្ឋាន Gtech Community។

Salah ដែលបានវិលត្រឡប់មកវិញ បន្ទាប់ពីជាសះស្បើយពីបញ្ហារបួស ដែលបានកើតឡើង ក្នុងពេលបំពេញកាតព្វកិច្ច ឱ្យក្រុមជម្រើសជាតិអេហ្ស៊ីប នៅព្រឹត្តិការណ៍ Africa Cup of Nations នោះ រកបានគ្រាប់បាល់ទី៣ ឱ្យក្លិប Liverpool បានយ៉ាងល្អ។

ក្រោយមក កីឡាករ Ivan Toney រកបានគ្រាប់បាល់វាយបក បានមួយគ្រាប់ សម្រាប់ក្លិប Brentford ប៉ុន្តែកីឡាករ Cody Gakpo បានបន្ថែម ១គ្រាប់ទៀត ដែលជាគ្រាប់បាល់ទី៤ សម្រាប់ក្លិប Liverpool។

សូមរំលឹកថា Salah បានបង្ខំចិត្តចាកចេញពីក្រុមជម្រើសជាតិអេហ្ស៊ីប ដើម្បីត្រឡប់ទៅកាន់ Liverpool វិញ ក្នុងការព្យាបាលរបួសជើង ដែលបានប៉ះទង្គិច ក្នុងព្រឹត្តិការណ៍ Africa Cup of Nations 2023 នៅប្រទេសកូដឌីវ័រ៕