ភ្នំពេញ៖ កម្ចីឌីជីថលរបស់ធនាគារ វីង កំពុងរួមចំណែកដ៏សំខាន់ក្នុងការជំរុញបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា ដោយការអនុម័តសំណើកម្ចីសម្រេចបានជិតមួយលានករណីនៅក្នុង២០២៣ ហើយចំនួននេះនឹងបន្តកើនឡើងបន្ថែមទៀត។

ធនាគារ វីង (ខេមបូឌា) ម.ក ដែលជាធនាគារឌីជីថលរីកចម្រើនយ៉ាងឆាប់រហ័សមួយនៅកម្ពុជា  បានបង្ហាញពីកំណើនគួរឱ្យកត់សម្គាល់នៃការបញ្ចេញឥណទានតាមប្រព័ន្ធឌីជីថលរបស់ខ្លួន ដោយបានកើនឡើងជាង២ដងធៀបនឹងផែនការប្រចាំឆ្នាំ ដែលបង្ហាញពីជំហរដ៏រឹងមាំក្នុងនាមជាគ្រឹះស្ថានផ្តល់កម្ចីតាមប្រព័ន្ធឌីជីថលឈានមុខគេនៅកម្ពុជា។

ចាប់តាំងពីដាក់ឱ្យដំណើរការកាលពីចុងឆ្នាំ ២០២២ វីងឌីជីថលឡូន បានជំរុញឱ្យមានការផ្លាស់ប្តូរជាវិជ្ជមានចំពោះការផ្តល់កម្ចីនៅក្នុងប្រទេសកម្ពុជា ដោយបានអនុម័តសំណើកម្ចីជិតមួយលានករណីនៅក្នុងឆ្នាំ២០២៣ ជាមួយនឹងទំហំកម្ចីកើន ២១៧ ភាគរយ ធៀបនឹងផែនការប្រចាំឆ្នាំ។

សមិទ្ធផលដែលសម្រេចបានទាំងអស់នេះគឺពិតជាមានសារៈសំខាន់ដោយបានផ្តល់ជាដំណោះស្រាយហិរញ្ញវត្ថុចាំបាច់ទៅដល់អតិថិជនជាច្រើន ក្នុងការជួយទៅដល់ពួកគេដោះស្រាយបញ្ហាហិរញ្ញវត្ថុបានទាន់ពេលវេលា។

វិសាលភាពនៃការប្រើប្រាស់ វីងឌីជីថលឡូន ដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជាក្នុងការអនុវត្តគោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា២០២៣-២០២៨។
គោលនយោបាយនេះមានគោលបំណងទាញយកប្រយោជន៍ជាអតិបរមាពីបរិវត្តកម្មឌីជីថល នៅក្នុងវិស័យហិរញ្ញវត្ថុ សំដៅជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅក្នុងប្រទេសកម្ពុជាឱ្យបានកាន់តែប្រសើរឡើង។

លោក ហាន ប៉េងក្វាង អគ្គនាយកធនាគារ វីង បានលើកឡើងថា៖ «កំណើននៃការប្រើប្រាស់ វីងឌីជីថលឡូន ដ៏គួរឱ្យកត់សម្គាល់នេះ គឺបង្ហាញពីការជឿទុកចិត្តរបស់អតិថិជនចំពោះធនាគារ វីង»

លោក ហាន ប៉េងក្វាង បានបន្តថា៖ «ការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតរបស់យើងអាចសម្រេចការអនុម័តកម្ចីបានភ្លាមៗ ដែលនេះជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់យើងក្នុងការផ្តល់នូវដំណោះស្រាយឌីជីថលដែលចំាបាច់ដើម្បីជួយបំពេញតម្រូវការរបស់ប្រជាជនកម្ពុជាគ្រប់រូប»

ការស្នើកម្ចីតាមបែបប្រពៃណី មានការទាមទារឯកសាស្មុគស្មាញច្រើន ហើយថែមទាំងត្រូវចំណាយពេលវេលាធ្វើដំណើរទៅកាន់ទីតាំងធនាគារ។ ប៉ុន្តែជាមួយនឹង វីងឌីជីថលឡូន អតិថិជនអាច ស្នើកម្ចីដោយមិនមានភាពស្មុគស្មាញ និងចំណាយពេលច្រើនដូចមុនទៀតឡើយ ពោលគឺផ្តល់ភាពងាយស្រួលទៅដល់ពលរដ្ឋកម្ពុជាក្នុងការស្នើកម្ចីតាមអេប Wing Bank បានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង ដោយចំណាយរយៈពេលត្រឹមតែ ៣នាទីប៉ុណ្ណោះ។

បច្ចុប្បន្នមានអតិថិជនប្រមាណ ១ លាន ៤ សែននាក់ មានសិទ្ធគ្រប់គ្រាន់ក្នុងការស្នើ កម្ចីតាម វីងឌីជីថលឡូន ដែលអតិថិជនទាំងនោះគឺជាអ្នកប្រើប្រាស់ប្រតិបត្តិការទូទាត់ វីង KHQR ប្រើសេវាបើកបៀវត្សតាមធនាគារ វីង និងការបញ្ជាទិញទំនិញតាម Wingmall ដែលជាទីផ្សាពាណិជ្ជកម្មអនឡាញដ៏ពេញនិយមមួយនៅក្នុងប្រទេសកម្ពុជា។

ការទទួលបានសិទ្ធស្នើកម្ចីនេះ គឺផ្អែកលើប្រវត្តិប្រតិបត្តិការរបស់អតិថិជនប្រើប្រាស់សេវាកម្មធនាគារ វីង ដែលបង្ហាញពីការយកចិត្តទុកដាក់របស់ធនាគារ វីង ក្នុងការទាញយកទិន្នន័យតាមប្រព័ន្ធឌីជីថលទាំងនោះដើម្បីជំរុញការប្រើប្រាស់សេវាហិរញ្ញវត្ថុឱ្យកាន់តែមានប្រសិទ្ធភាព។

លោក ឌឿក តារាវុធ នាយកគ្រប់គ្រងអាជីវកម្មប្រាក់កម្ចីតាមប្រព័ន្ធឌីជីថល នៃធនាគារ វីង បានថ្លែងថា៖ «ការប្រើប្រាស់បណ្តុំទិន្នន័យដ៏ច្រើន អាចជួយឱ្យយើងខ្ញុំបង្កើនលទ្ធភាពដើម្បីបង្កើតបានគំរូវាយតម្លៃមួយដែលអាចទុកចិត្តបាន។ កត្តានេះបានជួយសម្រួលដល់ការវាយតម្លៃពិន្ទុឥណទាន និងការផ្តល់កម្ចីទៅដល់អតិថិជនយ៉ាងមានប្រសិទ្ធភាព»។

វីងឌីជីថលឡូន ទទួលបានអតិថិជនជាង ១២០.០០០ នាក់ ក្នុងមួយឆ្នាំ ដែលអតិថិជនទាំងនោះបានស្នើកម្ចីដោយជោគជ័យលើសពីមួយដង ដែលធ្វើឱ្យធនាគារ វីង ក្លាយជាគ្រឹះស្ថានហិរញ្ញវត្ថុដ៏សំខាន់មួយក្នុងការជំរុញបរិយាបន្នហិរញ្ញវត្ថុ និងចូលរួមចំណែកជួយទៅដល់ពលរដ្ឋកម្ពុជាជៀសវាងពីការប្រើប្រាស់ឥណទានក្រៅផ្លូវការដែលបង្កហានិភ័យដល់អ្នកប្រើប្រាស់។

លោក ឌឿក ដារ៉ាវុធ បានបន្ថែមថា៖ «យើងខ្ញុំពិតជាមានសេចក្តីសោមន្សរីករាយដែលសេវាកម្មផ្តល់កម្ចីតាមប្រព័ន្ធឌីជីថលរបស់យើងខ្ញុំបានធ្វើឱ្យមានការផ្លាស់ប្តូរជាវិជ្ជមាន ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ដោយបានផ្តល់ភាពងាយស្រួលក្នុងការទទួលបានកម្ចី»

ការស្នើកម្ចីវីងឌីជីថលឡូន គឺមានដំណើរការយ៉ាងងាយស្រួលតាមរយៈអេប Wing Bank ដោយអ្នកប្រើប្រាស់អាចស្នើកម្ចីរហូតដល់ ៥០.០០០ ដុល្លារអាមេរិក ជាមួយនឹងអត្រាការប្រាក់សមរម្យ ហើយការសងត្រលប់មានរយៈពេល៣ឆ្នាំ។ ដូច្នេះ ការប្រើប្រាស់ ឬធ្វើប្រតិបត្តិការហិរញ្ញវត្ថុជាមួយអេប Wing Bank កាន់តែច្រើន នោះមានន័យថាលទ្ធភាពទទួលបានទំហំកម្ចីក៏កាន់តែខ្ពស់ផងដែរ។

ជាមួយគ្នានេះ ធនាគារ វីង ក៏បានអនុវត្តកម្មវិធីណែនាំវីងឌីជីថលឡូន ដែលផ្តល់ឱកាសទៅដល់អ្នកចូលរួមទាំងអស់ដើម្បីផ្តល់ជំនួយហិរញ្ញវត្ថុទៅកាន់មិត្តភក្តិ សមាជិកគ្រួសារ និងមនុស្សជាទីស្រលាញ់ ព្រមទាំងទទួលបានរង្វាន់ជាការតបស្នងចំពោះការគាំទ្ររបស់អ្នកចូលរួមទាំងអស់ផងដែរ៕