(ភ្នំពេញ)៖ ទីបំផុតការប្រកួតបាល់ទះដណ្ដើមពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឬពាន «តេជោលីគ» ឆ្នាំ២០២៣/២៤ បានរកឃើញជើងឯកហើយ ដែលបានទៅក្រុមបាល់ទះបញ្ជាការដ្ឋានអង្គរក្ស បន្ទាប់ពីយកឈ្នះក្រុមខ្លាំងវិសាខា ដោយលទ្ធផល ៣-១ (សិត) ក្នុងជំនួបវគ្គផ្ដាច់ព្រ័ត្រ នៅរាត្រីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ ។

ការប្រកួតដែលមានទស្សនិកជនចូលរួមទស្សនាផ្ទាល់ ពេញវិមានពហុកីឡដ្ឋានជាតិអូឡាំពិក ស្ទើររកកន្លែងអង្គុយគ្មាននេះ ក្រុមបញ្ជាការដ្ឋានអង្គរ បានធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំង ដ្បិតជួបគ្នា ២លើកកន្លងមក មុនឡើងមកជួបគ្នានៅវគ្គផ្ដាច់ព្រ័ត្រនេះ សុទ្ធតែចាញ់វិសាខា ពោលគឺជួបគ្នាក្នុងជុំទី១ ចាញ់វិសាខា ៣-០ (សិត) និងជុំទី២ ចាញ់វិសាខា ៣-២ (សិត) ។

លុះឈានដល់ជំនួបលើកទី៣ ដែលជាការប្រកួតកាត់សេចក្ដីរកបេក្ខភាពក្រុមជើងឯក ក្រុមបញ្ជាការដ្ឋានអង្គរក្ស ធ្វើបានយ៉ាងល្អ យកឈ្នះក្រុមវិសាខា ២សិតមុន ក្នុងពិន្ទុ ២៥-១៩ និង ២៥-២០ មុនវិសាខា យកឈ្នះវិញ នៅក្នុងសិតទី៣ ជាមួយពិន្ទុ ២៥-២១ ។ ប៉ុន្ដែក្រុមបញ្ជាការដ្ឋានអង្គរក្ស គឺបានបញ្ចប់កំណត់ត្រាមិនស្គាល់ចាញ់វិសាខា ត្រឹមសិតទី៤ ជាមួយជ័យជម្នះ ២៥-១៩ពិន្ទុ ដើម្បីធានាជ័យជម្នះជាផ្លូវការ និងគ្រងជើងឯក «តេជោលីគ» ឆ្នាំ២០២៣/២៤ នេះតែម្ដង ។

គួរដឹងថា ព្រឹត្តិការណ៍បាល់ទះពានរង្វាន់ «តេជោលីគ» ដែលជាការប្រកួតលីគអាជីពលើកដំបូងនេះ បានបើកការប្រកួតផ្លូវការ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ ដោយមានបេក្ខភាព ៨ក្រុមចូលរួម រួមមានក្រុមបាល់ទះបញ្ជាការដ្ឋានអង្គរក្ស, វិសាខា, ក្រសួងមហាផ្ទៃ, ស្នងការរាជធានីភ្នំពេញ, កងពលធំអន្ដរាគមន៍លេខ៣, ខេត្តព្រះសីហនុ, ស្នងការនគរបាលខេត្តពោធិ៍សាត់ និងស្នងការនគរបាលខេត្តកណ្ដាល ។

បន្ទាប់ពីឆ្លងកាត់ការប្រកួតជម្រុះ ២ជុំ ក្រុមឈរលេខ១ ដល់លេខ៤ ត្រូវធ្វើការប្រកួតខ្វែង ហើយក្រុមឈ្នះ ត្រូវជួបក្រុមឈ្នះ ដើម្បីដណ្ដើមជើងឯក ឯក្រុមចាញ់ ក៏ត្រូវជួបគ្នាដណ្ដើមលេខ៣ ។ ជាលទ្ធផល គឺក្រុមបញ្ជាការដ្ឋានអង្គរ បានគ្រងជើងឯក អមប្រាក់រង្វាន់ ៦០លានរៀល គ្រាដែលក្រុមវិសាខា បានត្រឹមជើងឯករង ស្របពេលក្រុមស្នងការរាជធានីភ្នំពេញ ទទួលបានលេខ៣ ក្រោយយកឈ្នះក្រសួងមហាផ្ទៃ ៣-២ (សិត) ។ សម្រាប់ក្រុមលេខ២, លេខ៣ និងលេខ៤ ក៏ទទួលបានប្រាក់រង្វាន់ ១០លានរៀលស្មើគ្នាផងដែរ ។

សម្រាប់ពិធីបិទការប្រកួតនេះ ក៏មានការអញ្ជើញចូលរួម និងប្រគល់រង្វាន់ជយលាភីពីលោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា និងលោកជំទាវផងដែរ ៕