(អាល្លឺម៉ង់)៖ របាយការណ៍បានអះអាងថា ក្លិប Bayern Munich នឹងមិនបណ្តេញគ្រូបង្វឹកលោកThomas Tuchel ចេញពីតំណែងនោះទេ បើទោះបីជាកំពុងមាន ៨ពិន្ទុ តាមពីក្រោយក្រុមកំពូលតារាងលីគ Bundesliga ក្លិប Bayer Leverkusen បន្ទាប់ពីលេងចាញ់ Bochum ក៏ដោយ។

សម្ពាធនេះកំពុងកើនឡើងយ៉ាងឆាប់រហ័សទៅលើលោក Tuchel ជាមួយនឹងក្រុមយក្សអាល្លឺម៉ង់ Bayern Munich កំពុងសម្លឹងរកមើលការឈ្នះពានរដូវកាលនេះ បន្ទាប់ពីកំពុងឈានទៅរកគ្មានការឈ្នះពានរង្វាន់ជាលើកដំបូងរបស់ពួកគេក្នុងរយៈពេល ១២ឆ្នាំមកនេះ។

ទោះជាយ៉ាងណាក៏ដោយ អ្នកយកព័ត៌មាន Sky Germany លោក Florian Plettenberg បានលើកឡើងថា លោក Tuchel នឹងបន្តកាន់តំណែងនេះ ហើយថារូបគាត់កំពុងបដិសេធក្នុងការគិតអំពីការលាលែងពីតំណែង ដោយសារតែគាត់ចង់តស៊ូបន្តទៀតជាមួយក្រុម។

នេះជា ៣ប្រកួតក្នុងភាពអាក្រក់មួយសប្តាហ៍របស់ក្លិប Bayern ពីការលេងចាញ់ក្រុម Bayer Leverkusen ក្រោមដឹកនាំដោលោក Xabi Alonso ក្នុងលទ្ធផល ៣-០ កាលសប្តាហ៍ទី២១ និងចាញ់ Lazio ក្នុងការប្រកួត Champions League វគ្គ ១៦ក្រុមចុងក្រោយ មុនឈានមកចាញ់ Bochum ៣-២ នេះ ខណៈក្រុម Bayern Munich កំពុងឈរលេខរៀងទី២ រកបាន ៥០ពិន្ទុពីការឆ្លងកាត់ ២២ប្រកួតមកក្នុងលីគ៕