(ភ្នំពេញ)៖ កាលពីព្រឹក ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ វិទ្យាស្ថានខេមអេដ បានរៀបចំកម្មវិធីអបអរសារទរ និស្សិតជ័យលាភីឆ្នើមកម្ពុជា ចំនួនពីររូប ដែលទទួលបានជ័យលាភីចំណាត់ថ្នាក់លេខ១​ ទូទាំងពិភពលោក លើការ ប្រឡងជាអន្តរជាតិ លើមុខវិជ្ជាមូលដ្ឋានគ្រឹះនៃការគ្រប់គ្រងហិរញ្ញវត្ថុ (Foundations in Financial Management-FFM) និងមុខវិជ្ជាមូលដ្ឋានគ្រឹះសវនកម្ម (Foundations in Auditing-FAU) នៃកម្មវិធី​សិក្សា​ ​​​គណនេយ្យករជំនាញ អេ ស៊ី ស៊ី អេ (ចក្រភពអង់គ្លេស) ក្នុងឆមាសខែធ្នូ  ឆ្នាំ២០២៣ កន្លងទៅនេះ។

សន្និសីទស្តីពីការអបអរសារទរ និស្សិតជ័យលាភីឆ្នើមកម្ពុជានេះ ត្រូវបានប្រារព្ធធ្វើឡើងនៅវិទ្យាស្ថានខេមអេដ ក្រោម​អធិបតីភាពលោកបណ្ឌិត ងី តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំង មាន​ការអញ្ជើញ​ចូលរួមពីសំណាក់ លោកនាយក និងគណៈគ្រប់គ្រង នៃវិទ្យាស្ថានខេមអេដ។

ជាកិច្ចចាប់ផ្តើម លោក ខេស៊ី បាណេត នាយកវិទ្យាស្ថានខេមអេដ បានមានប្រសាសន៍ថា ក្នុងនាមជានាយកវិទ្យាស្ថានខេមអេដ លោកពិតជាមានមោទនភាពដែលនិស្សិត ២រូបរបស់យើង រួមមាន កញ្ញា ណា​ មុីហ្វុង បានទទួល​ចំណាត់ថ្នាក់ លេខ១ទូទាំងពិភពលោក លើមុខវិជ្ជាមូលដ្ឋានគ្រឹះនៃការគ្រប់គ្រងហិរញ្ញវត្ថុ (Foundations in Financial Management-FFM) និងលោក សួន សុវណ្ណវិជ្ជា ចំណាត់ថ្នាក់លេខ ១ ទូទាំងពិភពលោក លើមុខវិជ្ជាមូលដ្ឋាន គ្រឹះសវនកម្ម(Foundattions in Audit-FAU) នៃកម្មវិធី​សិក្សា​​​គណនេយ្យករជំនាញ អេ ស៊ី ស៊ី អេ (ចក្រភពអង់គ្លេស) ក្នុងឆមាសខែធ្នូ  ឆ្នាំ២០២៣ ថ្មីៗកន្លងទៅនេះ។

លោកបញ្ជាក់ផងដែរថា ACCA គឺជាសមាគម គណនេយ្យករជំនាញធំជាងគេលើពិភពលោក មានទីស្នាក់ការនៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស។ ​ក្នុងការប្រឡង ដណ្តើមយកជ័យលាភីលេខ១ លើមុខវិជ្ជាមូលដ្ឋានគ្រឹះនៃការគ្រប់គ្រងហិរញ្ញវត្ថុ និងមុខវិជ្ជាមូលដ្ឋានគ្រឹះសវនកម្ម ពិតជាមានការប្រកួតប្រជែងខ្លាំងពី និស្សិតដែលសិក្សាកម្មវិធីនេះ នៅចក្រភពអង់គ្លេស ប្រទេសក្នុង តំបន់អុឺរ៉ុប សិង្ហបុរី និងម៉ាឡេស៊ី​ជាដើម ហើយក៏ត្រូវចូលរួម ប្រឡងនៅលើវិញ្ញាសារដូចគ្នា និងក្នុងថ្ងៃតែមួយ ផងដែរ។

លោក នូវ រតនា ប្រធានសមាគមគណនេយ្យករជំនាញ ​ACCA ប្រចាំប្រទេសកម្ពុជា និងឡាវ បានថ្លែងអំពីចំណាប់អារម្មណ៍របស់លោក លើកំណើននិស្សិតកម្ពុជា ដែលតែងទទួលបានជ័យលាភីឆ្នើមលេខ១ លំដាប់ ពិភពលោកនាពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសគឺនិស្សិតរបស់វិទ្យាស្ថានខេមអេដ ទៅលើមុខវិជ្ជាចំនួន២ គឺមុខ វិជ្ជាមូលដ្ឋានគ្រឹះនៃការគ្រប់គ្រងហិរញ្ញវត្ថុ និងមុខវិជ្ជាមូលដ្ឋានគ្រឹះសវនកម្ម។

លោកនូវ រតនា ក៏បាន ស្ងើចសរសើរ ចំពោះសម្ថភាពនៃការបង្រៀនរបស់សាស្ត្រាចារ្យវិទ្យាស្ថាន ដែលតែងតែព្យាយាមបង្ហាត់បង្រៀននិស្សិតរបស់ខ្លួនឲ្យ ទទួលបានចំណាត់ថ្នាក់លេខ១ ជារៀងរាល់ឆ្នាំ។ ជាចុងក្រោយ លោកក៏លើកទឹកចិត្តឲ្យនិស្សិតជ័យលាភី ទាំង២រូបនាពេលនេះ ឲ្យចូលរួមចែករំលែកនូវចំណេះដឹង និងគន្លឹះប្រឡងជាប់លេខ១ ដល់និស្សិតដ៏ទៃទៀត ដើម្បីបង្កើនចំនួននិស្សិតឆ្នើមកម្ពុជា និងឲ្យពិភពលោកបានស្គាល់ពីសម្ថភាពរបស់និស្សិតកម្ពុជាយើង។ 

នៅក្នុងឱកាសនេះផងដែរ លោកបណ្ឌិត ងី តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចូលរួមអបអរសាទរដល់និស្សិតឆ្នើមទាំង២រូប ក៏ដូចជាថ្លែង អំណរគុណដល់លោកខេស៊ី បាណេត នាយក វិទ្យាស្ថានខេមអេដ ដែលតែងតែចូលរួមអភិវឌ្ឍន៍វិស័យ គណនេយ្យ ក្នុងព្រះរាជាណាចក្រកម្ពុជា តាមរយៈការ ប្រឹងប្រែងស្វែងរកនូវសាស្ត្រាចារ្យល្អៗ មកពីទូទាំងពិភពលោក មកបង្រៀន និស្សិតកម្ពុជា។ ជាហេតុធ្វើឲ្យនិស្សិត ដែលបញ្ចប់ការសិក្សានៅវិទ្យាស្ថានខេមអេដ តែងមានភាពលេចធ្លោរក្នុងកន្លែងការងារ និងតែងជាប់ការប្រកួតប្រជែង ការងារក្នុងក្រសួងនានា ជាពិសេសគឺក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ឯកឧត្តម​បណ្ឌិត ក៏បានសង្កត់ធ្ងន់ថា សារៈសំខាន់នៃស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុ និងសារៈសំខាន់នៃធនធានមនុស្សផ្នែកគណនេយ្យ និងសវនកម្ម ​សម្រាប់គាំទ្រដល់កំណើន​សេដ្ឋកិច្ច និងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ នៅប្រទេសកម្ពុជា។

លោកបណ្ឌិត បានសំណូមពរដល់ប្អូនៗ មេត្តាបន្តយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការសិក្សា រៀនសូត្រដើម្បីពង្រឹង និងអភិវឌ្ឍ សមត្ថភាពរបស់ខ្លួនឲ្យស្របតាមតម្រូវការនៃកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍ វិស័យគណនេយ្យ ហិរញ្ញវត្ថុ និងសវនកម្មនៅកម្ពុជា និងដើម្បីប្រកួតប្រជែងជាមួយបណ្តាប្រទេសជិតខាង ព្រមទាំងប្រទេសធំៗដទៃ​ទៀត ទូទាំង​សាកល​លោក។​ ជាទីបញ្ចប់ ឯកឧត្តម​បណ្ឌិត ក៏បានជូនពរប្អូនៗ និស្សិតដែលទទួលជ័យលាភីទាំងពីររូប អោយទទួលបានជោគជ័យទាំងក្នុងការ សិក្សារៀនសូត្រ និងក្នុងជីវិត។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នកញ្ញា ណា​ មុីហ្វុង និងលោក សួន សុវណ្ណវិជ្ជា គឺជានិស្សិតដែលកំពុងសិក្សា នៃកម្មវិធី សិក្សាបរិញ្ញាបត្រ គណនេយ្យ និងហិរញ្ញវត្ថុ + សញ្ញាបត្រអន្តរជាតិអ្នកបច្ចេកទេសផ្នែកគណនេយ្យ CAT នៅវិទ្យាស្ថាន ខេមអេដ។ និស្សិតទាំងពីររូប បានទទួលពិន្ទុខ្ពស់ លើមុខវិជ្ជាមូលដ្ឋានគ្រឹះនៃ ការគ្រប់គ្រងហិរញ្ញវត្ថុ (Foundations in Financial Management-FFM) លើមុខវិជ្ជាមូលដ្ឋានគ្រឹះសវនកម្ម (Foundattions in Audit-FAU)  នៃកម្មវិធី​សិក្សា ​​​គណនេយ្យក​រជំនាញ អេ ស៊ី ស៊ី អេ (ចក្រភពអង់គ្លេស) ក្នុងឆមាសខែធ្នូ ឆ្នាំ២០២៣ ដោយទទួលបាន​ពិន្ទុខ្ពស់ ក្នុងចំណោមនិស្សិត​ជាច្រើននាក់​នៅ​ទូទាំង​ពិភពលោក ដែលបានប្រឡងលើមុខវិជ្ជា ទាំងពីរនេះ ៕