(បរទេស)៖ នាពេលថ្មីនេះ នាយកប្រតិបត្តិក្រុមហ៊ុនផលិតរថយន្តអគ្គីសនីអាមេរិក Tesla លោក Elon Musk បានបង្ហោះសារលើបណ្តាញសង្គម X ថានឹងបោះឆ្នោតម្ចាស់ភាគហ៊ុន ដើម្បីសម្រេចថាតើ គួរផ្លាស់ប្តូរទីតាំងប្រតិបត្តិការក្រុមហ៊ុន Tesla ពី Delaware ទៅ Texas ឬអត់? ក្រោយចៅក្រោមរដ្ឋ Delaware បានលុបចោលកញ្ចប់ទឹកប្រាក់អត្ថប្រយោជន៍ចំនួន ៥៦ពាន់លានដុល្លារ ដែលនាយកប្រតិបត្តិ Elon Musk ទាមទារពីក្រុមហ៊ុន Tesla។

តែយ៉ាងណានៅពេលនេះ ប្រភពពីសារព័ត៌មាន BBC បានចុះផ្សាយថា Elon Musk បានផ្លាស់ប្តូរទីតាំងក្រុមហ៊ុនអវកាស Space X របស់លោកពី Delaware ទៅ Texas ហើយថែមទាំងផ្តល់យោបល់ឲ្យក្រុមហ៊ុននានា ផ្លាស់ប្តូរក្រុមហ៊ុនចេញពី Delaware ផងដែរ។ មហាសេដ្ឋីរូបនេះ បាននិយាយថា «ប្រសិនបើក្រុមហ៊ុនរបស់អ្នកនៅតែ ស្ថិត ក្នុងទីក្រុង Delaware ខ្ញុំសូមណែនាំឱ្យផ្លាស់ប្តូរ ទៅរដ្ឋមួយផ្សេងទៀត ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន»។ បើរាបាយការណ៍បានឲ្យដឹងថា សាជីវកម្មធំៗជាច្រើនរបស់សហរដ្ឋអាមេរិក រួមទាំងក្រុមហ៊ុន Amazon ត្រូវបានចុះបញ្ជីនៅ Delaware ដែលត្រូវបានគេស្គាល់ថា ជារដ្ឋមួយមានការបង់ពន្ធតិច។

គួរជម្រាបថា នេះមិនមែនជាលើកទី១ទេ ដែលមហាសេដ្ឋីបច្ចេកវិទ្យា Elon Musk ផ្លាស់ប្តូរទីតាំងក្រុមហ៊ុនរបស់ខ្លួន ខណៈកាលពីឆ្នាំ២០២១ Tesla បានផ្លាស់ប្តូរទីស្នាក់ការកណ្តាលសាជីវកម្មរបស់ខ្លួនពីកាលីហ្វ័រញ៉ា ទៅរដ្ឋតិចសាស់ បន្ទាប់ពី Musk បានរិះគន់បទប្បញ្ញត្តិ និងពន្ធរបស់រដ្ឋកាលីហ្វ័រញ៉ាយ៉ាងធ្ងន់ធ្ងរនាពេលនោះ៕