(បរទេស)៖ ថ្មីៗនេះកាសែត The New York Time បានរាយការណ៍មកថា ក្រុមហ៊ុន OpenAI ដែលជាក្រុមហ៊ុនបញ្ញាសិប្បនិម្មិត្តឈានមុខគេ បានបញ្ចប់កិច្ចព្រមព្រៀងទិញលក់ជាមួយនឹងក្រុមហ៊ុនបណ្តាក់ទុន Thirve Capital ដែលធ្វើឲ្យតម្លៃខ្លួនដល់ក្រុមហ៊ុន AI ដ៏ធំនេះ កើនឡើងដល់ ៨០ពាន់លានដុល្លារ ឬអាចច្រើនជាងនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters។

ប្រភពដដែលបានបញ្ជាក់ថា កិច្ចព្រៀមព្រៀងនេះពាក់ព័ន្ធនឹងការដេញថ្លៃ ដែលនឹងអនុញ្ញាតឱ្យនិយោជិតអាចដកភាគហ៊ុនរបស់ពួកគេនៅក្នុងក្រុមហ៊ុនបានជាជាងការប្រមូលនិធិបែបប្រពៃណីដែលនឹងរៃអង្គាសប្រាក់នៅទូទាំងអាជីវកម្មសម្រាប់ម្ចាស់ភាគហ៊ុនដែលមានបំណងចាកចេញ ឬចង់លក់បន្ត។

យ៉ាងណាមិញមកដល់ពេលនេះ ជុំវិញកំណើននៃតម្លៃក្រុមហ៊ុនទាំងមូលរបស់ OpenAI ខាងក្រុមហ៊ុនផ្ទាល់នៅមិនទាន់មានការអត្ថាធិប្បាយណាមួយចំពោះសំណើររបស់ Reuters នៅឡើយនោះទេ ខណៈរបាយការណ៍នេះគឺ បានមកពី The New York Time តែប៉ុណ្ណោះ។

គួរជម្រាបដែរថា ចាប់តាំងពីដំណើរការ ChatGPT ជាផ្លូវការនៅចុងឆ្នាំ២០២២ កន្លងមកបានធ្វើឱ្យមានការភ្ញាក់ផ្អើលនៅទូទាំងវិស័យ AI នឹងបានជម្រុញឱ្យតម្លៃក្រុមហ៊ុន OpenAI កើនឡើងជាបន្តបន្ទាប់។ ដោយឡែកតាមការរំពឹងទុកក្នុងការដេញថ្លៃកាលពីដើមឆ្នាំ២០២៣ គេរំពឹងថា តម្លៃក្រុមហ៊ុន OpenAI អាចនឹងកើនឡើងត្រឹមតែ ២៩ពាន់លានដុល្លារប៉ុណ្ណោះ ប៉ុន្តែរឿងនឹកស្មានមិនដល់ក្រោយបញ្ចប់កិច្ចព្រមព្រៀងទិញលក់រួមគ្នាជាមួយនឹងក្រុមហ៊ុន Thrive Capital, Sequoia Capital, Andreessen Horowitz និង K2 Global បានធ្វើឱ្យតម្លៃក្រុមហ៊ុនកើនឡើងរហូតដល់ទៅ ៣ដងឯណោះ៕