(ឡុងដ៍)៖ អ្នកចាត់ការក្លិប Birmingham City លោក Tony Mowbray បានលាលែងចេញពីតំណែងជាបណ្តោះអាសន្ន រយៈពេល ៦ទៅ ៨សប្តាហ៍ ដើម្បីទទួលការព្យាបាលជំងឺ។ នេះបើយោងតាមក្លិបលេងនៅលីគលំដាប់ទី២ អង់គ្លេស Championship ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤។
លោក Mowbray មានវ័យ ៦០ឆ្នាំ បានចូលកាន់តំណែង កាលពីខែមករា បន្ទាប់ពីមានការបណ្តេញអតីតខ្សែប្រយុទ្ធអង់គ្លេស Wayne Rooney ចេញពីតំណែងអ្នកចាត់ការ ហើយជំនួយការរបស់លោក គឺលោក Mark Venus ឥឡូវនេះ នឹងទទួលបន្ទុកដឹកនាំ រហូតដល់លោកត្រឡប់មកវិញ។
លោក Mowbray បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍ថា «បន្ទាប់ពីការត្រួតពិនិត្យនាពេលថ្មីៗ ខ្ញុំបានទទួលការធ្វើរោគវិនិច្ឆ័យថា តម្រូវឱ្យទទួលការព្យាបាល ហើយស្ថិតក្រោមការព្យាបាលនេះ ខ្ញុំត្រូវលាលែងពីតំណែងអ្នកចាត់ការក្លិប Birmingham City Football Club ជាបណ្តោះអាសន្ន»។
សូមជម្រាបថា ក្លិប Birmingham កំពុងស្ថិតនៅចំណាត់ថ្នាក់ទី១៥ ក្នុងតារាង Championship ហើយនឹងត្រូវជួបក្លិប Ipswich Town នៅថ្ងៃសៅរ៍សប្តាហ៍នេះ៕