(សឹង្ហបុរី)៖ គ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិថ្មីរបស់សឹង្ហបុរី លោក Tsutomu Ogura បានសន្យាថា នឹងផ្តល់គ្រប់យ៉ាង នៅពេលដែលសឹង្ហបុរី ត្រូវប្រកួតទល់នឹងចិន ក្នុងការប្រកួតជម្រុះ World Cup នាថ្ងៃទី២១ ខែមីនាខាងមុខ។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤។

ការប្រកួតនៅកីឡដ្ឋាន National Stadium នឹងក្លាយជាការដឹកនាំការប្រកួតលើកដំបូងរបស់លោក ក្នុងតំណែងជាគ្រូបង្គោលក្រុមជម្រើសជាតិសឹង្ហបុរី។

លោក Ogura វ័យ ៥៧ឆ្នាំ ត្រូវបានប្រកាសជាគ្រូបង្គោលថ្មីរបស់សឹង្ហបុរី កាលពីថ្ងៃទី០១ ខែកុម្ភៈ បន្ទាប់ពីលោក Takayuki Nishigaya ត្រូវបានបណ្តេញចេញពីតំណែង ក្រោយពីលទ្ធផលដឹកនាំមិនល្អ។

ការប្រកួតនៅថ្ងៃទី២១ ខែមីនាខាងមុខ គឺជាផ្នែកមួយនៃព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ២០២៦។ សឹង្ហបុរី នឹងជួបចិនម្តងទៀត នៅថ្ងៃទី២៦ ខែមីនា ក្នុងការប្រកួតជើងទី២។

សូមជម្រាបថា សឹង្ហបុរី គិតមកដល់ពេលនេះ បានចាញ់ទាំង ២លើក ក្នុងការប្រកួតក្នុងពូល C ប៉ះក្រុមថៃ និងកូរ៉េខាងត្បូង៕