(ប៉ារីស)៖ ក្លិបបារាំង Olympique de Marseille បានបណ្តេញអ្នកចាត់ការ Gennaro Gattuso ចេញពីតំណែង បន្ទាប់ពីទម្រង់លេងធ្លាក់ចុះ ជាមួយនោះ បុរសសញ្ជាតិបារាំង Jean-Louis Gasset ត្រូវបានតែងតាំងជាអ្នកចាត់ការថ្មីជំនួសវិញ។ នេះបើយោងតាមក្លិបលេងនៅ Ligue 1 បានប្រកាស ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤។

បុរសវ័យ ៤៦ឆ្នាំ Gattuso ដែលកាលពីពេលមុន ធ្លាប់ដឹកនាំក្លិប Valencia, Napoli និងក្លិប AC Milan នោះ ត្រូវបានតែងតាំងជាអ្នកចាត់ការក្លិប Marseille ជំនួសលោក Marcelino កាលពីខែកញ្ញាឆ្នាំមុន។

ដោយឡែកលោក Gasset វ័យ ៧០ឆ្នាំ ដែលត្រូវបានតែងតាំងជាគ្រូបង្វឹកថ្មីរបស់Marseille នោះថ្មីៗនេះ បានធ្វើជាអ្នកចាត់ការក្រុមជម្រើសជាតិកូតឌីវ័រ។ លោកត្រូវបានគេបណ្តេញចេញពីការងារ បន្ទាប់ពីទម្រង់លេងមិនល្អរបស់ក្រុម នៅក្នុងការប្រកួតនៅព្រឹត្តិការណ៍ Africa Cup of Nations ដែលដំបូងឡើយ ពួកគេលេងមិនល្អ មុនពេលឡើងទៅដណ្តើមបានពានរង្វាន់នៃព្រឹត្តិការណ៍នេះ។

ជាមួយគ្នានោះ Marseille មិនបានផ្តល់ព័ត៌មានលម្អិត ស្តីពីកិច្ចសន្យារបស់លោក Gasset នោះទេ។

សូមជម្រាបថា Marseille កំពុងស្ថិតនៅចំណាត់ថ្នាក់ទី៩ ក្នុងតារាងលីគកំពូលបារាំង Ligue 1 បន្ទាប់ពីឆ្លងកាត់ ៥ប្រកួតចុងក្រោយ ដោយគ្មានជ័យជម្នះសោះ គឺចាញ់២ និងស្មើ ៣ប្រកួត៕