(បរទេស)៖ មន្ត្រីរដ្ឋាភិបាលក្នុងប្រទេសឥណ្ឌូនេស៉ី បានឲ្យដឹងនៅថ្ងៃអង្គារ៍សប្តាហ៍នេះថា កម្មវិធីវីដេអូខ្លីៗរបស់ចិន TikTok នៅតែបំពានច្បាប់របស់ប្រទេសឥណ្ឌូនេស៊ី ដែលបានហាមឃាត់ប្រតិបត្តិការក្នុងកម្មវិធីនេះ ពាក់ព័ន្ធពាណិជ្ជកម្មអេឡិចត្រូនិក។ នេះបើតាមការចេញផ្សាយដោយសរព័័ត៌មាន Reuters នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤។

គេនៅចាំបានថា TikTok ត្រូវបានបង្ខំឱ្យបិទសេវាកម្ម e-commerce ថ្មីរបស់ខ្លួនឈ្មោះ «TikTok Shop» នៅក្នុងប្រទេសឥណ្ឌូនេស៊ី បន្ទាប់ពីប្រទេសនេះបានហាមឃាត់ការទិញទំនិញអនឡាញនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីឆ្នាំមុន ដោយលើកឡើងពីតម្រូវការចាំបាច់នានា ដើម្បីការពារពាណិជ្ជករតូចៗ និងទិន្នន័យឯកជនរបស់អ្នកប្រើប្រាស់។ ក្រុមហ៊ុនបច្ចេកវិទ្យាឥណ្ឌូណេស៊ី GoTo (GOTO.JK) បាននិយាយកាលពីខែមុនថា TikTok ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនមេ ByteDance របស់ចិន បានបញ្ចប់កិច្ចព្រមព្រៀង ដែលបានព្រមព្រៀងគ្នាកាលពីខែធ្នូ ដើម្បីទិញ ៧៥.០១% នៃក្រុមហ៊ុន Tokopedia ក្នុងតម្លៃ ៨៤០លានដុល្លារ។

លោក Teten Masduki រដ្ឋមន្ត្រីឥណ្ឌូនេស៊ី បាននិយាយជាញឹកញាប់ប្រឆាំងនឹងសេវាកម្ម TikTok Shop និងបានប្រាប់អ្នកសារព័ត៌មានថា TikTok នៅតែមិនគោរពតាមបទប្បញ្ញត្តិនេះ ដូច្នេះខ្លួនបាននឹងកំពុងពិចារណាពីវិធីដែលល្អបំផុត ដើម្បីឆ្លើយតបទៅនឹងបញ្ហានេះ។

គួរជម្រាបថា ជុំវិញបញ្ហានេះអ្នកតំណាង TikTok នៅក្នុងប្រទេសឥណ្ឌូនេស៊ី មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយរបស់ Reuters នោះទេ។ តែយ៉ាងណា គេនៅចាំបានថា TikTok ធ្លាប់និយាយកាលពីឆ្នាំមុនថា ខ្លួនមានបំណងវិនិយោគរាប់ពាន់លានដុល្លារនៅអាស៊ីអាគ្នេយ៍ រួមទាំងប្រទេសឥណ្ឌូនេស៊ី ដែលជាប្រទេសមានសេដ្ឋកិច្ចធំបំផុតក្នុងតំបន់ផងដែរ៕