(ភ្នំពេញ)៖ កញ្ញា ហែមថុន វិទិនី គ្រូបង្វឹក និងជាអតីតកីឡាការិនីហែលទឹកដ៏លេចធ្លោររបស់កម្ពុជា បានបង្ហាញក្ដីសុខ បន្ទាប់ពីឃើញកូនសិស្ស និងសិស្សប្អូនជំនាន់ក្រោយ មានការវិវឌ្ឍន៍រីកចម្រើនគួរឲ្យកត់សម្គាល់ ពិសេសមានសមត្ថភាពខ្ពង់ខ្ពស់ជាងខ្លួន និងមានការចូលរួមឧបត្ថម្ភគាំទ្រពីវិស័យឯកជនថែមទៀត ។

ការលើកឡើងនេះ បន្ទាប់ពីកញ្ញា បានដឹកនាំកីឡាករកូនកាត់វ័យក្មេង ២រូប គឺកីឡាករកូនកាត់ខ្មែរ-បារាំង Antoine និងកីឡាករកូនកាត់ខ្មែរ-ហុល្លង់ Pieter ចុះកិច្ចសន្យាលើភាពជាដៃគូជាមួយហាងទីក្រុងម៉ូតូ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ។ វិទិនី បានចាត់ទុកការចាប់ដៃគូជាមួយវិស័យឯកជននេះ គឺជាចំណែកដ៏សំខាន់ ជំរុញឲ្យខ្លួន និងកីឡាករកាន់តែខំប្រឹង ដើម្បីឆ្ពោះទៅរកការប្រកួតប្រជែង និងដណ្ដើមលទ្ធផលល្អជូនជាតិ ។

កញ្ញាបានរំឮកថា កាលខ្លួននៅប្រកបអាជីពជាកីឡាការិនី រាល់ពេលចេញទៅប្រកួតអន្ដរជាតិនានា ភាគច្រើនគេស្គាល់ និងឧបត្ថម្ភគាំទ្រតែខ្លួន ផ្ទុយពីឥលូវ ដែលសន្ទុះគាំទ្រកីឡាករ-កីឡាការិនីហែលទឹកមានច្រើនជាងមុន ។ ក្នុងនាមអ្នកកីឡា បន្ទាប់ពីទទួលយកគ្រប់ឧបសគ្គ ទាំងភាពជោគជ័យ និងបរាជ័យ ការគាំទ្រ ទាំងការគាំទ្រពីប្រជាពលរដ្ឋ និងការគាំទ្រពីវិស័យឯកជន គឺជាកម្លាំងចិត្តដ៏សំខាន់ ជំរុញឲ្យការខំប្រឹងកាន់តែខ្លាំង ។

នេះគឺជាផ្នត់គំនិតមួយ ដែលកញ្ញាចង់ឃើញ ក្រោយចូលនិវត្តន៍ពីអាជីពកីឡាការិនី ហើយវិវឌ្ឍន៍ក្លាយជាគ្រូបង្វឹក ដោយមិនចង់ឲ្យកូនសិស្សដើរលើគន្លងចាស់ខ្លួន ព្រោះប្រជាពលរដ្ឋ មិនចង់បានតែបទពិសោធន៍ពីការប្រកួតទេ គឺត្រូវការជ័យជម្នះ ឬទទួលបានលទ្ធផលខ្ពស់ជាងខ្លួន ។ ដូច្នេះក្នុងនាមគ្រូ កញ្ញាព្យាយាមលើកដំកើនកីឡាករ-កីឡាការិនី ដែលប្រើបេះដូងពិតប្រាកដក្នុងការហ្វឹកហាត់ ដើម្បីឆ្លុះបញ្ចាំងភាពជាគំរូដល់យុវជនជំនាន់ក្រោយ ។

វិទិនី បន្ថែមថា «មូលហេតុនេះហើយ បានខ្ញុំព្យាយាមផលិតមាតិការ(វីដេអូខ្លីៗ)លើកទឹកចិត្តដល់កីឡាករវ័យក្មេង ដែលខំប្រឹងហ្វឹកហាត់ និងចង់ជំរុញការងារនេះឲ្យកាន់តែរីកចម្រើនពីមួយជំហានទៅមួយជំហាន ហើយក្ដីសុខរបស់ខ្ញុំ គឺបច្ចុប្បន្នបានឃើញសិស្សរបស់ខ្ញុំ ខ្ពស់ជាងខ្ញុំឆ្ងាយ មានការរីកចម្រើន ហើយទទួលបានលទ្ធផលល្អក្នុងការហ្វឹកហាត់ និងការប្រកួត ហើយមានក្រុមហ៊ុនជាច្រើន ជួយឧបត្ថម្ភគាំទ្រពួកគាត់ ដូចជាកីឡាករបរទេសអ៊ីចឹង»

គួរដឹងថា ហែមថុន វិទិនី បានចូលប្រឡូកក្នុងវិស័យកីឡាហែលទឹក តាំងវ័យ ៥ឆ្នាំ បានក្លាយជាកីឡាការិនីជម្រើសជាតិ កាលពីឆ្នាំ២០០៣ ដោយធ្លាប់ដណ្ដើមបានមេដាយមាសថ្នាក់ជាតិជាច្រើន ហើយក៏ជាកីឡាការិនីឆ្នើមកម្ពុជា ដែលឧស្សាហ៍បានចូលរួមប្រកួតព្រឹត្តិការណ៍ធំៗលើឆាកអន្ដរជាតិ រហូតដល់កីឡាអូឡាំពិកទៀតផង ។ ប៉ុន្ដែគួរឲ្យស្ដាយ ដោយសារបញ្ហាសុខភាព បានបង្ខំឲ្យកញ្ញាសម្រេចចិត្តបញ្ចប់អាជីពជាកីឡាការិនី ត្រឹមវ័យ ២៦ឆ្នាំ កាលពីឆ្នាំ២០១៩ ៕