(ទីក្រុងគីហ្កាលី)៖ ដូចគ្នាទៅនឹងមូលហេតុដែលរដ្ឋាភិបាល នៃប្រទេសចំនួន ១៩៧ បានជួបជុំគ្នានៅទីក្រុងម៉ុងរ៉េអាល់ ប្រទេសកាណាដា ក្នុងឆ្នាំ ១៩៨៧ ដើម្បីជួយសង្គ្រោះស្រទាប់អូហ្សូន និងដោះស្រាយបញ្ហាប្រឈមផ្សេងៗទៀត។

ហេតុអ្វីបានជាស្រទាប់អូហ្សូនត្រូវការការជួយសង្គ្រោះ?
ក្នុងទសវត្សរ៍ទី៨០ អ្នកវិទ្យាសាស្ត្រមួយក្រុម បានរកឃើញ ប្រហោងនៃការធ្លុះធ្លាយស្រទាប់អូហ្សូន និងបានបង្ហាញជាលើកដំបូងក្នុងកម្មវិធីទូរទស្សន៍ MTV ដោយ Spielberg , Madonna, និងស្ដាយសក់ធំ ដោយការភ័យខ្លាចនៃទីបញ្ចប់របស់ពិភពលោក ដែលឆ្លុះបញ្ចំងពីស្ថានភាពពិតនាសម័យកាលនោះ។ តាមធម្មជាតិ ស្រទាប់អូហ្សូន ជួយកាត់បន្ថយកម្ដៅ UVB របស់ព្រះអាទិត្យ មុនពេលមកដល់ផែនដីយើង ដែលជាហេតុធ្វើឱ្យកម្រិតនៃអាំងតង់ស៊ីតេវិទ្យុសកម្មមានភាពសមល្មមទៅនឹងការរស់នៅ។
វាពិតជាត្រឹមត្រូវហើយដែលយើងចាប់ផ្ដើមព្រួយបារម្ភ នៅពេលដែលស្រទាប់អូហ្សូនបន្តស្ដើងទៅៗ យើងនឹងត្រូវក្ដៅឆេះស្លាប់ (គ្មានលើកលែងសូម្បីតែរុក្ខជាតិ និងសត្វ) ប្រសិនបើមិនធ្ងន់ធ្ងរដូចនោះទេ វាអាចបង្កជាជំងឺផ្សេងៗដូចជា មហារីកស្បែក ភ្នែកឡើងបាយ និងអាចធ្វើឱ្យប្រព័ន្ធការពាររាងកាយយើងចុះខ្សោយផងដែរ។

បេសកកម្មសកល ដំបូងគេបង្អស់៖ ពិធីសារម៉ុងរ៉េអាល់
បញ្ហាបរិស្ថានបន្ទាន់ស្តីពីស្រទាប់អូហ្សូន ត្រូវបានអង្កេតតាមដាន និងបានសន្និដ្ឋានថា មូលហេតុចម្បងនៃការធ្លុះធ្លាយស្រទាប់អូហ្សូន គឺដោយសារសារធាតុក្លរ៉ូភ្លុយអរ៉ូកាបូន ដែលសរសេរកាត់ថា CFCs។ CFCs គឺជាសារធាតុគីមីដែលប្រើសម្រាប់អេរ៉ូសូល (ក្នុងបំពង់ស្ព្រៃបាញ់សក់) និងដើម្បីផ្ដល់ថាមពលត្រជាក់ដល់បរិក្ខារត្រជាក់របស់យើង ដូចជាទូរទឹកកកជាដើម ប៉ុន្តែវាក៏បានបំផ្លាញស្រទាប់អូហ្សូនរបស់យើងផងដែរ។

វាបានក្លាយទៅជាបេសកម្មដ៏ច្បាស់លាស់ និង ជាសមូហភាពរួមមួយ សម្រាប់ប្រទេសទាំងអស់ ដើម្បីចាប់ផ្តើមហាមឃាត់ការផលិត និងការប្រើប្រាស់សារធាតុ CFCs ក្នុងគោលបំណង ដើម្បីស្ដារស្រទាប់អូហ្សូនឡើងវិញ។ ក្នុងបេសកម្មសកលមួយនេះ ប្រទេសទាំងអស់បានជួបប្រជុំគ្នានៅទីក្រុងម៉ុងរ៉េអាល់ ដើម្បីព្រមព្រៀងគ្នា និងផ្ដល់សច្ចាប័ន និងជាសន្ធិសញ្ញាអន្តរជាតិ ដែលមានការចុះហត្ថលេខាពីប្រទេសទាំងអស់ ដែលត្រូវបានគេស្គាល់ថាជា ពិធីសារម៉ុងរ៉េអាល់។

រហូតមកដល់ពេលនេះ សារធាតុបំផ្លាញអូហ្សូន ៩៩% ត្រូវបានកាត់បន្ថយជាបន្តបន្ទាប់!
ប្រសិនបើសារធាតុ ក្លរ៉ូភ្លុយអរ៉ូកាបូន(CFCs) ត្រូវបានលុបបំបាត់ ហេតុអ្វីបានជាប្រទេសទាំងអស់ ត្រូវជួបជុំគ្នាម្ដងទៀត នៅទីក្រុងគីហ្កាលី ប្រទេសរវ៉ាន់ដា?
សំណួរគួរតែជា៖ នៅពេលដែល CFCs ត្រូវបានលុបបំបាត់ តើសារធាតុអ្វីខ្លះ ត្រូវបានយកមកប្រើប្រាស់ជំនួសវិញ?

សារធាតុហាយដ្រូភ្លុយអរ៉ូកាបូន (HFCs) ត្រូវបានណែនាំដើម្បីយកមកប្រើជំនួសសារធាតុក្លរ៉ូភ្លុយអរ៉ូកាបូន (CFCs) និង ហាយដ្រូក្លរ៉ូភ្លុយអរ៉ូកាបូន (HCFCs) ព្រោះវាមិនបំផ្លាញស្រទាប់អូហ្សូន និងត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ។ ស្ដាប់ទៅហាក់បីដូចជាបញ្ហាមានសភាពធូរស្បើយហើយ ប៉ុន្តែខណៈពេលនេះគេបានរកឃើញថា សារធាតុហាយដ្រូភ្លុយអរ៉ូកាបូន (HFCs) អាចបង្កជាបញ្ហានៃការឡើងកម្ដៅភពផែនដីទៅវិញ។ កាសែត New York Time បានចុះផ្សាយពីមុខងារ របស់សារធាតុហាយដ្រូភ្លុយអរ៉ូកាបូន (HFCs) ថា "ជាប្រភេទឧស្ម័នផ្ទះកញ្ចក់ ដែលមានសក្ដានុពលកម្តៅសកលខ្ពស់ ពោលគឺមានសក្ដានុពលកម្ដៅសកលធំជាងកាបូនឌីអុកស៊ីតជាង១០០០ដង។ នេះមិនមែនជាអ្វីដែលយើងចង់បាននោះទេ នៅពេលដែលដំណោះស្រាយនៃបញ្ហាមួយ បានក្លាយជាចំណែកមួយនៃបញ្ហាថ្មីផ្សេងទៀតទៅវិញ ជាពិសេសពាក់ព័ន្ធនឹងការគំរាមកំហែងដល់ការរស់នៅ ដោយសារការប្រែប្រួលអាកាសធាតុ។ ដូចនេះ ជាការឆ្លើយតបនៅឆ្នាំ ២០១៦ ប្រទេសទាំងអស់បានជួបប្រជុំគ្នាម្ដងទៀត នៅទីក្រុងគីហ្កាលី ក្នុងគោលបំណងស្វែងរកដំណោះស្រាយ នឹងសម្រេចថាតើត្រូវធ្វើអ្វីបន្ដទៅថ្ងៃអនាគត។

ការបន្តការប្ដេជ្ញាចិត្តជាសកល: វិសោធនកម្មទីក្រុងគីហ្គាលី
ក្រោយពីការជួយសង្រ្គោះស្រទាប់អូហ្សូន ដែលឥឡូវនេះកំពុងស្ថិតក្នុងការតាមដានដោយការភ្ជិតឡើងវិញ ពិធីសារម៉ុងរ៉េអាល់ បានពង្រីកកាតព្វកិច្ចរបស់ខ្លួនមួយទៀត គឺត្រូវកាត់បន្ថយ សារធាតុហាយដ្រូភ្លុយអរ៉ូកាបូន (HFCs) ពី៨០% ទៅ៨៥% ត្រឹមឆ្នាំ ២០៤៥ ដល់ ឆ្នាំ២០៤៧ ក្រោមវិសោធនកម្មទីក្រុងគីហ្កាលី។

គិតត្រឹមខែតុលា ឆ្នាំ២០២៣នេះ ប្រទេសជាង ១៥៥ បានផ្ដល់សច្ចាប័នវិសោធនកម្មទីក្រុងគីហ្កាលី និងបានផ្ដល់អាទិភាព ក្នុងការដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុ តាមរយៈការកាត់បន្ថយការបំភាយសារធាតុ HFCs ដែលជាហេតុធ្វើឱ្យមានការកើនកម្ដៅភពផែនដី។ នៅក្នុងឆ្នាំ ២០៤៧ ផែនការលុបបំបាត់សារធាតុ HFCs នឹងត្រូវបានបញ្ចប់ នឹងអាចទប់ស្កាត់ការបញ្ចេញឧស្ម័នកាបូនឌីអុកស៊ីតរហូតដល់ ៤២០ពាន់លានតោន។ ដូច្នេះហើយ ទើបប្រទេសទាំងអស់ ជួបជុំគ្នាម្ដងទៀត ព្រោះថាវិសោធនកម្មទីក្រុងគីហ្កាលីនឹងរួមចំណែកកាត់បន្ថយការកើនឡើងសីតុណ្ហភាពពិភពលោកបានពី ០.៣ ទៅ ០.៥ អង្សាសេ ត្រឹមឆ្នាំ ២១០០ នេះជាហតុផលដ៏ត្រឹមត្រូវបំផុត។

អត្ថបទដោយ៖ Nanon Issaratarangkul
កែសម្រួលដោយ៖ លី សុធារី

កិច្ចប្រជុំភាគីលើកទី២៨ នៃភាគីពិធីសារ នៅខែតុលា ឆ្នាំ២០១៦
(ប្រភព:លេខាធិការដ្ឋានអូហ្សូន)

សេចក្ដីប្រកាស ស្ដីពីការចុះហត្ថលេខាលើពិធីសារម៉ុងរ៉េអាល់នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ១៩៨៧
(ប្រភព: ប៉ុសិ៍ផ្សព្វផ្សាយកិច្ចសហប្រតិបត្ដិការកាណាដា)

(ប្រហោងអូហ្សូននៅទ្វីបអង់តាកទិក)
(ប្រភព: លេខាធិការដ្ឋានអូហ្សូន)