(ឡុងដ៍)៖ ក្លិបបាល់ទាត់ Watford បានចុះហត្ថលេខា នាំយកខ្សែប្រយុទ្ធយុវជន Mamadou Doumbia លើកិច្ចសន្យារយៈពេល ៦ឆ្នាំ មកពីក្លិបអាហ្វ្រិក Black Stars FC។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤។

កីឡាករយុវជនវ័យ ១៨ឆ្នាំ សញ្ជាតិម៉ាលីរូបនេះ បានចុះហត្ថលេខាលើកិច្ចសន្យា ដែលមានសុពលភាពចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤។

ខ្សែប្រយុទ្ធជំនាញជើងឆ្វេងរូបនេះ បានបង្ហាញខ្លួននៅព្រឹត្តិការណ៍ Under-17 Africa Cup of Nations ឆ្នាំ២០២៣ ដោយបានជួយម៉ាលី បញ្ចប់ក្នុងចំណាត់ថ្នាក់ទី៤ ដោយរកបាន ៤គ្រាប់ ក្នុងចំណោម ៥ប្រកួត។

Doumbia ក៏រកបាន ៤គ្រាប់ផងដែរ នៅព្រឹត្តិការណ៍ Under-17 World Cup​ កាលពីឆ្នាំមុន ក្នុងនោះរួមទាំងការរកបានហ៊ែតទ្រីក ក្នុងពេលប្រកួតទល់នឹងក្រុមអ៊ូសបេគីស្ថាន។

សូមជម្រាបថា Watford ដែលដឹកនាំដោយអ្នកចាត់ការ Valerien Ismael កំពុងស្ថិតនៅចំណាត់ថ្នាក់ទី១១ ក្នុងលីគ  Championship។ ក្លិបនេះបានចូលដល់រដូវកាលទី២ ហើយក្នុងការធ្លាក់ទៅលេងនៅលីគលំដាប់ទី២ របស់អង់គ្លេសនេះ ដោយពួកគេត្រូវបានកាត់ចោលលើកចុងក្រោយ ពីលីគ Premier League កាលពីឆ្នាំ២០២២៕