(មេនឆេស្ទើ)៖ ខ្សែការពារ Luke Shaw មានបញ្ហារបួសសរសៃពួរជើងខាងឆ្វេង តម្រូវឱ្យមានការព្យាបាលរយៈពេលចាប់ពី ២-៣ខែផងដែរ និងស្ថិតក្នុងមន្ទិលសង្ស័យពីការចូលរួមប្រកួតជើងឯកអឺរ៉ុប Euro 2024 នៅប្រទេសអាល្លឺម៉ង់ជាមួយក្រុមជម្រើសជាតិអង់គ្លេសទៀតផង។

បញ្ហារបួសនេះដែរ គឺបានកើតឡើងនៅរាត្រីថ្ងៃអាទិត្យសប្តាហ៍មុន នៅពេលបិសាចក្រហម Manchester United លេងឈ្នះ Luton Town ក្នុងលីគ Premier League នៃប្រកួតដែលកីឡាករវ័យ ២៨ឆ្នាំ Shaw ត្រូវបានប្តូរចេញ នៅមុនពេលបញ្ចប់វគ្គទី១។

ថ្លែងក្នុងសន្និសីទក្រោយចប់ការប្រកួត លោក Erik ten Hag គ្រូបង្វឹក Man Utd ដែលត្រូវបានដកស្រង់ចេញផ្សាយ ដោយគេហទំព័រកីឡា BBC បានឱ្យដឹងថា «បញ្ហារបួសរបស់ Shaw មើលទៅ ដូចជាមិនល្អសោះ។ រូបគេមានរបួសសរសៃពួរ ដែលត្រូវការរយៈពេលយូរ ដើម្បីព្យាបាល។ ពួកយើងគិតថា អាចចាប់ពី ២-៣ខែឡើងទៅ»

នេះមានន័យថា កៅអីលេងនៅ Euro 2024 ក្នុងក្រុមតោ៣ អង់គ្លេស ស្ថិតក្នុងបញ្ជីរបស់លោក Gareth Southgate ស្ថិតក្នុងភាពមិនច្បាស់លាស់ ហើយសម្រាប់ Man Utd វិញ ក៏មានការខ្វះខាតនៅតំបន់ការពារស្លាបឆ្វេងផងដែរ ស្របពេលខ្សែការពារ Malacia មិនទាន់លេងបាននារដូវកាលនេះ នៅពេល Victor Lindelof ជាជម្រើសសំខាន់ក្នុងប្រកួត ទល់នឹង Fulham នារាត្រីថ្ងៃសៅរ៍សម្រាប់កន្លែងរបស់ Shaw៕