(បរទេស)៖ Qualcomm ត្រូវបានគេស្គាល់ថា ជាក្រុមហ៊ុនផលិតបន្ទះឈីបឈានមុខគេលើពិភពលោក ខណៈពេលនេះបានប្រកាសជាផ្លូវការថា នឹងប្រឡូកក្នុងឧស្សាហកម្មបន្ទះឈីបសម្រាប់ប្រើប្រាស់នៅក្នុងឧស្សាហកម្មរថយន្ត ក្រោយក្រុមហ៊ុននេះប្រកាសចេញនូវបន្ទះឈីបជំនាន់ថ្មីមានឈ្មោះថា New Super-Fast Connectivity សម្រាប់ប្រើនៅលើរថយន្ត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Arena EV។

សម្រាប់បន្ទះឈីបរថយន្តជំនាន់ថ្មីរបស់ក្រុមហ៊ុន Qualcomm នេះគឺមានឈ្មោះថា «Qualcomm Snapdragon Auto Connectivity QCA6797AQ» ដែលគាំទ្រជាមួយប្រព័ន្ធបច្ចេកវិទ្យាតភ្ជាប់ស្តង់ដារជំនាន់ចុងក្រោយបំផុត ដូចជាប្រព័ន្ធបច្ចេកវិទ្យាសេវា 5G Network, Wi-Fi7, បច្ចេកវិទ្យា Bluetooth ជំនាន់ចុងក្រោយបំផុត និងប្រព័ន្ធ C-V2X រួមនឹងបច្ចេកវិទ្យាជំនាន់ថ្មីចុងក្រោយជាច្រើនទៀត។ ជាក់ស្តែងបន្ទះឈីប Automotive ជំនាន់ថ្មីដែលគាំទ្រនូវប្រព័ន្ធបច្ចេកវិទ្យា Wi-Fi7 គឺនឹងផ្តល់ឲ្យក្រុមហ៊ុនផលិតរថយន្តនៅការបំពាក់ជាមួយប្រព័ន្ធតភ្ជាប់បានលឿនរហ័ស ការធ្វើបច្ចុប្បន្នភាពកម្មវិធីរថយន្តបានកាន់តែលឿន និងការដោះស្រាយលើបញ្ហាអសកម្មនៅលើរថយន្តបានលឿនបំផុត និងសុវត្ថិភាពខ្ពស់បំផុត។

គួរជម្រាបថា តាមរយៈការផ្លាស់ប្តូររបស់ក្រុមហ៊ុន Qualcomm នេះ គឺបង្ហាញពីនិន្នាការដ៏សំខាន់នៅក្នុងឧស្សាហកម្មរថយន្ត ខណៈក្រុមហ៊ុនធំៗនានាបានជំរុញកាន់តែខ្លាំងឡើងទៅលើការអភិវឌ្ឈន៍កម្មវិធី និងបង្កើនប្រសិទ្ធិភាពបច្ចេកវិទ្យានៅលើរថយន្ត៕