(បាត់ដំបង)៖ ព្រឹត្តការណ៍ប្រគំតន្រ្តីប្រចាំប្រទេស Exprez Tour Concert របស់ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស សហការជាមួយផលិតកម្មដ៏ធំ Galaxy Navatra បានធ្វើដំណើរមកដល់ខេត្តបាត់ដំបង ហើយនៅសប្ដាហ៍នេះ ដោយ ការប្រគំតន្ត្រីខ្នាតយក្សមួយនេះ នឹងនាំយកកំពូលតារាចម្រៀងប្រចាំប្រទេសជាច្រើនដួង មកអង្រួនឆាក បង្កើតទស្សនីយភាពដ៏អស្ចារ្យ បម្រើអារម្មណ៍ពុកម៉ែបងប្អូន អាចចូលរួមទទួលយកភាពសប្បាយរីករាយ និងរាំលេងកម្សាន្ត ជាមួយនឹងចង្វាក់ភ្លេងគ្រប់ស្ទាយ ព្រមទាំងបានជួបជាមួយអាយដលជាច្រើនដួងផងដែរ។

ការប្រគំតន្រ្តីនឹងចាប់ផ្ដើមនៅថ្ងៃទី២៤ និង២៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ដែលមានទីតាំងនៅបូរីយិនម៉ាន់ ស្រុកបវេល ខេត្តបាត់ដំបង ចាប់ពីម៉ោង ០៨៖០០នាទីយប់ ដល់ម៉ោង១១៖៣០នាទីយប់។

តារាចម្រៀងដែលនឹងចូលរួមច្រៀងមានដូចជា កំពូលតារាចម្រៀងប្រចាំប្រទេស លោក ព្រាប សុវត្ថិ, លោក ឧកញ៉ា ខេមរៈ សិរីមន្ត, លោក ខេម, កញ្ញា តន់ ចន្ទសីម៉ា និងតារាចម្រៀងជាច្រើនរូបទៀតរួមមាន លោក ខាន់ ជេមស៍, លោក គូម៉ា, លោក សុវត្ថិ មុនីវណ្ណ, លោក នេន ទុំ, កញ្ញា ខាត់ សួស្តី, កញ្ញា អ៊ុក សុវណ្ណារី, លោក ធឿន បូរី និងកញ្ញា ឡុង លក្ខិណា។

ក្រៅពីការប្រគំតន្ត្រីរបស់តារាចម្រៀង ដែលបានរៀបរាប់ខាងលើ ក៏មានអមមកជាមួយនូវការសម្ដែង Show ពិសេសៗ ដើម្បីបង្កើនភាពសប្បាយរីករាយ នៅលើឆាកតន្រ្តីដ៏ធំសម្បើម បច្ចេកទេស Sound ទំនើបចុងក្រោយ និងភ្លើងចម្រុះពណ៌ដ៏អស្ចារ្យ ដែលមិនធ្លាប់មានពីមុន។ ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ បងប្អូនអាចចូលរួមដោយសេរី៕