(បរទេស)៖ កាសែត Nikkei Asia បានរាយការណ៍មកថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Google បានជូនដំណឹងដល់អ្នកផ្គត់ផ្គង់របស់ខ្លួនឱ្យចាប់ផ្តើមដំណើរការផលិតស្មាតហ្វូន Pixel នៅក្នុងប្រទេសឥណ្ឌានៅត្រីមាសក្រោយនេះ។ ខណៈការជូនដំណឹងថ្មីនេះ ត្រូវបានគេសម្គាល់ឃើញថាជាផ្នែកមួយនៃយុទ្ធសាស្រ្តរបស់ Google ក្នុងគម្រោងផលិតស្មាតហ្វូន Pixel ឱ្យបានច្រើនជាង ១០លានគ្រឿងនៅឆ្នាំនេះ ក៏ដូចការទាញយកខ្សែសង្វាក់ផ្គត់ផ្គងរបស់ខ្លួនចេញឱ្យឆ្ងាញពីប្រទេសចិនផងដែរ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤។

រំលឹកទៅខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅ ក្រុមហ៊ុន Google ក៏ធ្លាប់បានប្រកាសឱ្យដឹងដែរថា ខ្លួននឹងចាប់ផ្តើមផលិតស្មាតហ្វូននៅក្នុងប្រទេសឥណ្ឌា ហើយស្មាតហ្វូន Pixel 8 របស់ខ្លូនដែលជាម៉ូដែលជំនាន់ចុងក្រោយក៏នឹងមានលក់នៅក្នុងប្រទេសឥណ្ឌានៅក្នុងឆ្នាំ២០២៤ នេះផងដែរ។

ប្រភពពី Nikkie Asia ដដែលបានបន្ថែមទៀតថា ក្រុមហ៊ុន Google នឹងចាប់ផ្តើមរៀបចំខ្សែសង្វាក់ផលិតកម្មសម្រាប់ស្មាតហ្វូនស៊េរីខ្ពស់ Pixel 8 Pro របស់ខ្លួននៅប៉ុន្មានសប្តាហ៍ខាងមុខនេះ ហើយនឹងចាប់ផ្តើមផលិតស្មាតហ្វូនថ្មីនៅក្នុងត្រីមាសទី២ តែម្តង ពោលគឺត្រីមាសខែមេសា ដល់ខែមិថុនា ឆ្នាំ២០២៤នេះ។

ទោះបីជាយ៉ាងណាក៏ដោយ វានៅតែមិនទាន់ច្បាស់នៅឡើយនោះទេ ថាតើមានស្មាតហ្វូនប៉ុន្មានម៉ូដែលដែល Google គ្រោងនឹងផលិតនៅក្នុងប្រទេសឥណ្ឌា ហើយថាតើស្មាតហ្វូនទាំងនោះនឹងត្រូវដាក់លក់នៅក្នុងប្រទេស ឬសម្រាប់តែការនាំចេញ ខណៈដែល Google ផ្ទាល់នៅមិនទាន់ការអត្ថាធិប្បាយណាមួយលម្អិតនៅឡើយនោះទេ៕