(បរទេស)៖ ស្របពេលដែលបច្ចេកវិទ្យា AI កំពុងតែមានសន្ទុះកើនឡើងខ្លាំង គឺបានជំរុញឲ្យក្រុមហ៊ុនបច្ចេកវិទ្យានានា រកប្រាក់ចំណូលបានច្រើនគួរឲ្យកត់សម្គាល់។ ជាកស្តែង តាមរយៈការប្រកាសពីរបាយការណ៍ប្រាក់ចំណូលនាពេលថ្មីៗនេះ ក្រុមហ៊ុនផលិតបន្ទះឈីបអាមេរិក Nvidia បានឲ្យដឹងថា ប្រាក់ចំណូលរបស់ខ្លួនបានហក់ឡើងខ្ពស់ កើនឡើង ២៦៥% ពោលគឺខ្ពស់ជាងការរំពឹងទុកទៅទៀត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNBC នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤។

តាមរបាយការណ៍ បានបង្ហាញថា តម្លៃភាគហ៊ុនរបស់ Nvidia កើនឡើង១០% ដែលធ្វើឲ្យចំណូលកើនឡើង ២៦៥% ស្មើរនឹងទឹកប្រាក់ ២២.១០ពាន់លានដុល្លារ ខណៈការរំពឹងទុកកន្លងទៅគឺ ២០.៦២ពាន់លានដុល្លារ។ តាមរយៈលិទ្ធផលពេលនេះ Nvidia រំពឹងថា ចំណូលនឹងកើនឡើងថែមទៀត ពោលគឺខ្ទង់ ២៤.០ពាន់លានដុល្លារ។

គួរជម្រាបថា ការកើនឡើងប្រាក់ចំណូលរបស់ Nvidia នៅក្នុងត្រីមាសនេះគឺដោយសារតែមានការគាំទ្រយ៉ាងពេញទំហឹង នូវបច្ចេកវិទ្យា AI ត្បិតបច្ចុប្បន្ននេះ តម្រូវការសម្រាប់បន្ទះឈីប AI កំពុងមានសន្ទុះ ដូចជាបន្ទះឈីមសម្រាប់ម៉ាស៊ីនមេ ជាពិសេសបន្ទះឈីប «Hopper» របស់ក្រុមហ៊ុនដូចជា H100 ជាដើម៕