(ភ្នំពេញ)៖ ប្រធានបទនេះត្រូវបានយកមកពិភាក្សាកាន់តែតិចទៅៗ ហើយយើងទាំងអស់គ្នា គ្មានអ្នកណាម្នាក់អាចបដិសេធបានទេថា កម្ដៅថ្ងៃដ៏ក្ដៅសព្វថ្ងៃនេះ គឺជាសញ្ញាអាសន្ននៃការប្រែប្រួលអាកាសធាតុ ហើយបាតុភូតមួយនេះ ក៏មិនទាន់មានដំណោះស្រាយនៅឡើយដែរ។ នៅប្រទេសកម្ពុជា មានម្ដងត្រូវបានកាត់បន្ថយម៉ោងសិក្សា ដោយសារតែបញ្ហាអាកាសធាតុក្ដៅខ្លាំងពេក។

បញ្ហាសុខភាពដែលបណ្ដាលមកពីកម្ដៅ ដូចជា ការឈឺក្បាល ហត់នឿយ និងជំងឺដាច់សសៃឈាម អាចគ្រាន់តែជាភាពតានតឹង ដែលបង្កទៅជាការវិលមុខនិងក្អួតចង្អោរ។ ការឡើងកម្ដៅខ្លាំងពេកក្នុងខ្លួន គឺពិតជាអាចឆក់យកជីវិតគ្រប់គ្នាបានប្រាកដមែន មិនថាមនុស្សឬសត្វទេ។ ការនៅក្រោមពន្លឺព្រះអាទិត្យផ្ទាល់ខ្លាំងពេក គឺបង្កឱ្យមានហានិភ័យសុខភាពផ្សេងទៀត ដូចជា ជំងឺមហារីកស្បែក ជំងឺភ្នែកឡើងបាយ ការចុះខ្សោយប្រព័ន្ធភាពស៊ាំ និង ជំងឺផ្សេងៗជាច្រើន ។ល។

ហេតុអ្វីបានជាក្ដៅខ្លាំងយ៉ាងនេះ?
កម្ដៅនៃអាកាសធាតុនាពេលបច្ចុប្បន្ន កាន់តែពិបាកទ្រាំទ្របាន និងក្លាយជាបាតុភូតគំរាមកំហែងមួយ ដល់អាយុជីវិតកាន់តែខ្លាំង ដោយសារតែហេតុផលមួយចំនួន។ ប៉ុន្តែហេតុផលមួយដែលគួរឱ្យចាប់អារម្មណ៍ជាងគេដោយក្រុមអ្នកវិទ្យាសាស្ត្រ នោះគឺ "មកពីអ្វីដែលយើងធ្វើ"។

បើនិយាយតាមបែបវិទ្យាសាស្ត្រ ពន្លឺព្រះអាទិត្យផ្ដល់មកស្រទាប់ផ្ទៃផែនដី គឺល្មមគ្រប់គ្រាន់ ដើម្បីទ្រទ្រង់ជីវិតមនុស្ស សត្វ និងរុក្ខជាតិ បន្ទាប់មកកម្ដៅដែលនៅសេសសល់ ត្រូវបានបញ្ជូនត្រឡប់ទៅព្រះអាទិត្យវិញ គឺដើម្បីការពារផែនដី និងមនុស្សពីការទទួលកម្ដៅខ្លាំងពេក។ ចុះហេតុអ្វីបានជានៅតែក្ដៅខ្លាំងទៀត?
ព្រោះថាករណីខាងនេះ លែងមានប្រសិទ្ធភាពហើយ "កម្ដៅដែលនៅសេសសល់" ទាំងនោះ ពេលនេះគឺត្រូវបានជាប់គាំងនៅក្នុងស្រទាប់ផែនដីជាមួយយើង និងលែងអាចបញ្ជូនត្រឡប់ទៅវិញ តាមធម្មជាតិទៀតហើយ។

តើកម្ដៅត្រូវបានជាប់គាំងយ៉ាងដូចម្ដេច?
តើអ្វីជាអ្នកទប់ស្កាត់កម្ដៅ?
នោះគឺឧស្ម័នម្យ៉ាងក្នុងបរិយាកាសផែនដី ដែលទប់ស្កាត់កម្តៅសេសសល់ មិនឱ្យត្រឡប់ទៅព្រះអាទិត្យវិញ ដែលគេហៅថា ឧស្ម័នផ្ទះកញ្ចក់។

ហេតុអ្វីក៏យើងមិនកម្ចាត់ឧស្ម័នផ្ទះកញ្ចក់នោះទៅ? ចម្លើយគឺ ពួកយើងមិនអាចកម្ចាត់បានទេ ព្រោះមួយចំនួននៃពួកវា បានក្លាយជាទៅផ្នែកមួយនៃបរិយាកាសទៅហើយ អ្វីដែលសំខាន់ អង្គការ NASA ក៏បានផ្ដល់របាយការណ៍មកថា “បើគ្មានឧស្ម័នផ្ទះកញ្ចក់ទេនោះ ផែនដីក៏នឹងក្លាយទៅជាតំបន់ទឹកកកដ៏គ្មានប្រយោជន៍មួយបាត់ទៅហើយ”។

ដូច្នេះយើងសួរបន្តទៀតថា ហេតុអ្វីបានជាឧស្ម័នផ្ទះកញ្ចក់នេះ ក្លាយទៅជាបញ្ហាអាក្រក់ ដែលគំរាមកំហែងទៅវិញ? ឧស្ម័នមួយនេះមិនអាក្រក់ទេ គ្រាន់តែវាមានច្រើនខ្លាំងពេក ដល់ចំណុចដែលពិភពលោក គួរតែចុចកណ្ដឹងព្រមាន ប្រកាសអាសន្នហើយ។

ឧស្ម័នផ្ទះកញ្ចក់ អាចកើតមានដោយធម្មជាតិ និងបង្កើតឡើងដោយមនុស្ស ហើយពេលនិយាយអំពីការប្រែប្រួលអាកាសធាតុ យើងតែងតែមិនសូវគិតនិងខ្វាយខ្វល់។ សារធាតុហាយដ្រូភ្លុយអរ៉ូកាបូន (HFC) គឺជាឧស្ម័នពុលស្ថិតនៅក្នុងចំណោម ឧស្ម័នផ្ទះកញ្ចក់ ដែលត្រូវបានផលិតឡើង សម្រាប់សកម្មភាពផលិតផ្សេងៗរបស់មនុស្ស រាប់ចាប់ពីការសាងសង់ដំបូលនិងជញ្ជាំង ការផលិតដបទឹករក្សាសីតុណ្ហភាព(Tumbler) រហូតដល់ការផលិតទូរទឹកកក និងម៉ាស៊ីនត្រជាក់។

និយាយឱ្យខ្លីមក សកម្មភាពរបស់មនុស្សជាចំណែកមួយ ដែលធ្វើឱ្យកើនកម្ដៅផែនដី។

តើគួរតែធ្វើដូចម្ដេច ដើម្បីឱ្យរួចផុតជវិតពីកម្ដៅនារដូវក្ដៅឆ្នាំនេះ និងឆ្នាំបន្តទៀត តាមបែបមនុស្សឆ្លាត?
មនុស្សឆ្លាត គេដោះស្រាយបញ្ហា ដោយជីករកឫសគល់នៃបញ្ហា នោះគេប្រាកដជាមិនរំលងទេ នូវការទទួលទានភេសជ្ជៈត្រជាក់ៗ ឬការ៉េមដ៏ផ្អែមឆ្ងាញ់ ឬជាពិសេសនោះ គឺបើកម៉ាស៊ីនត្រជាក់ដែលមានខ្យល់ខ្លាំង និងត្រជាក់លឿន។ វិធីទាំងអស់ដែលរៀបរាប់ខាងលើនេះ គឺជាឫសគល់ចម្បងនៃបញ្ហា ដែលបណ្ដាលឱ្យកើតមានការឡើងកម្ដៅផែនដីខ្លាំង ដែលយើងត្រូវដោះស្រាយ។ វិធីទាំងអស់ខាងលើនេះ គឺមានចំណុចមួយដែលដូចគ្នា នោះគឺសារធាតុធ្វើឱ្យត្រជាក់ (Refrigerant) ។

សារធាតុធ្វើឱ្យត្រជាក់ ដូចជា HFC ជួយឱ្យយើងមានអារម្មណ៍ត្រជាក់ និងភ្លេចពីកម្ដៅមួយភ្លែតប៉ុណ្ណោះ។ HFC ជាភ្នាក់ងារផ្ដល់ភាពត្រជាក់ដល់យើង ប៉ុន្តែជាភ្នាក់ងារផ្ដល់កម្ដៅដល់ភពផែនដី។ HFC ជាធម្មតាមាននៅក្នុងបំពង់ពណ៌ចម្រុះមួយ ដែលយើងមិនសូវជាមើលឃើញ ដោយភ្នែកទទេរនោះទេ ហើយត្រូវបានប្រើប្រាស់ក្នុងទូរទឹកកក និងម៉ាស៊ីនត្រជាក់របស់យើង។ នៅពេលដែលឧស្សាហកម្មផលិតបរិក្ខាត្រជាក់ ផលិត ប្រើប្រាស់ និងបោះចោល HFC វានឹងបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ធ្វើឱ្យមានការកើនកម្ដៅ។ បើឱ្យផ្នែកផលិតលើកយកមកពិភាក្សាតវ៉ា ឧស្សាហកម្មផលិតបររិក្ខាត្រជាក់នេះហើយ ជាអ្នកទទួលខុសត្រូវចំពោះការបំភាយឧស្ម័នកាបូនិករហូតដល់១០%ក្នុងសកលលោកទាំងមូល។

មនុស្សឆ្លាតម្នាក់ នោះក៏ប្រហែលអាចជាអ្នកដែរ នៅពេលដែលត្រូវទិញម៉ាស៊ីនត្រជាក់ ឬទូរទឹកកកលើកក្រោយៗ គួរតែឆ្លាតនឹងបដិសេធការប្រើប្រាស់ ទូរទឹកកក និងម៉ាស៊ីនត្រជាក់ណា ដែលប្រើ HFC និងទទួលយកការប្រើប្រាស់ទូរទឹកកក និងម៉ាស៊ីនត្រជាក់ដែលប្រើប្រាស់ សារធាតុធ្វើឱ្យត្រជាក់ធម្មជាតិ ឬវិធីសំយោគផ្សេងៗ ដែលប៉ះពាល់ទាប ឬមានសក្តានុពលកម្តៅសកលសូន្យ។ ប្រសិនបើអ្នកគ្មានបំណងទិញទូរទឹកកកថ្មីទេ អ៊ីចឹងទូរទឹកកកដែលអ្នកកំពុងតែប្រើរាល់ថ្ងៃនេះ គួរតែរក្សា និងទុកដាក់ឱ្យបានត្រឹមត្រូវ ធ្វើដូចនេះ វានឹងមិនមានការលេចធ្លាយ នូវសារធាតុHFC ទៅក្នុងបរិយាកាសឡើយ។ ដោយសារតែប្រទេស និងក្រុមហ៊ុនផលិតបរិក្ខាត្រជាក់ជាច្រើន កំពុងតែព្យាយាមលុបបំបាត់សារធាតុHFC ម្ដងបន្តិចៗ ដូច្នេះ អ្នកប្រើប្រាស់ក៏ត្រូវកាត់បន្ថយតម្រូវការពីសារធាតុ HFC ដូចគ្នា។ បើស្ដាប់ទៅដូចជាពិបាកណាស់ ប៉ុន្តែវាមិនមែននោះទេ។ ភាពជោគជ័យនៃការផ្លាស់ប្ដូរបែបនេះ គឺចាប់ផ្ដើមពីអ្នក និងនៅក្នុងផ្ទះរបស់អ្នក។

យោងតាមកម្មវិធីបរិស្ថានរបស់អង្គការសហប្រជាជាតិ (United Nations Environment Programme) បានបញ្ជាក់ថា ប្រសិនបើយើងទាំងអស់គ្នា ទាំងប្រជាជន និងរដ្ឋាភិបាល អាចកាត់បន្ថយការប្រើប្រាស់ សារធាតុ HFC ឱ្យបាន ៨៥% ត្រឹមឆ្នាំ ២០៤៧ អនុលោមតាមវិសោធនកម្មទីក្រុងគីហ្កាលីនៃពិធីសារម៉ុងរ៉េអាល់ យើងនឹងអាចទប់ស្កាត់ការកើនឡើងសីតុណ្ហភាពពិភពលោកបានរហូតដល់ ០.៥ អង្សាសេ ត្រឹមឆ្នាំ ២១០០ ឬក៏អាចប៉ាន់ស្មានថាអាកាសធាតុខែក្ដៅ នឹងត្រជាក់ជាងពេលឥឡូវនេះ។

អត្ថបទដោយ៖ Nanon Issaratarangkul
កែសម្រួលដោយ៖ លី សុធារី