(រ៉ូម)៖ ខ្សែបម្រើក្លិប Fiorentina កីឡាករ Christian Kouame បានទទួលការព្យាបាលជំងឺគ្រុនចាញ់ នៅមន្ទីរពេទ្យ។ នេះបើតាមការឱ្យដឹងពីក្លិបលេងនៅលីគអ៊ីតាលី Serie A ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤។

កីឡាករវ័យ ២៦ឆ្នាំរូបនេះ បានស្ថិតក្នុងក្រុមជម្រើសជាតិកូតឌីវ័រ ដែលបានឈ្នះពាន់រង្វាន់ Africa Cup of Nations កាលពីពេលថ្មីៗនេះ និងបានលេងក្នុងវគ្គ ៨ក្រុមចុងក្រោយដែរ។

​«Christian បានចូលទៅកាន់មន្ទីរពេទ្យ ដើម្បីទទួលការព្យាបាល ហើយនឹងបន្តការតាមដានសុខភាពជាបន្តទៀត ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ»។ ក្លិប Fiorentina បានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍។

សូមជម្រាបថា​ Fiorentina កំពុងស្ថិតនៅចំណាត់ថ្នាក់ទី៧ ក្នុងតារាងលីគកំពូលអ៊ីតាលី Serie A ដោយមាន ៣៨ពិន្ទុ។ Kouame បានលេង ២២ប្រកួតនារដូវកាលនេះ ដោយរកបាន ១គ្រាប់ និងបោះឪ្យគេស៊ុតបាន ១គ្រាប់ផងដែរ៕