(ភ្នំពេញ)៖ សហព័ន្ធកីឡាបាល់ទះកម្ពុជា ត្រៀមចូលរួមការប្រកួតអន្ដរជាតិចំនួន ៣កម្មវិធី ក្នុងឆ្នាំ២០២៤ ខណៈមានព្រឹត្តិការណ៍ ២ ដែលសហព័ន្ធប៉ងចង់ធ្វើម្ចាស់ផ្ទះ ។ នេះបើតាមការបញ្ជាក់របស់លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធ ក្រោយបញ្ចប់ការប្រកួតពានតេជោលីគ កាលពីថ្មីៗ ។

មន្ដ្រីជាន់ខ្ពស់សហព័ន្ធរូបនេះ បានឲ្យដឹងថា ព្រឹត្តិការណ៍អន្ដរជាតិទាំង ៣ ដែលកម្ពុជាត្រៀមចូលរួមខាងលើ រួមមាន៖ ទី១-ការប្រកួតជើងឯកអាស៊ីអាយុក្រោម ២០ឆ្នាំ ដោយសហព័ន្ធបានចុះឈ្មោះក្រុមបាល់ទះយុវជន U20 កម្ពុជារួចហើយ ។ ប៉ុន្ដែដោយសារតំបន់អាស៊ាន ទទួលបានត្រឹម ១កៅអី ហេតុនេះកម្ពុជា ត្រូវឆ្លងកាត់ការប្រកួតជម្រុះ ខណៈតាមគម្រោងនឹងត្រូវជួបក្រុមវៀតណាម ។

ចំពោះការប្រកួតកម្រិតទ្វីបនេះដែរ ក្រៅពីមានឆន្ទៈបញ្ជូនក្រុមជម្រើសជាតិ U20 កម្ពុជាចូលរួមប្រកួត សហព័ន្ធក៏មានមហិច្ឆតាចង់ធ្វើម្ចាស់ផ្ទះការប្រកួតជម្រុះនេះដែរ ដោយសហព័ន្ធធ្វើការស្នើសុំទៅកាន់មន្ដ្រីសហព័ន្ធកីឡាបាល់ទះអាស៊ី និងកំពុងរង់ចាំចម្លើយផងដែរ ក្នុងការពិនិត្យលទ្ធភាពនាំយកព្រឹត្តិការណ៍ជម្រុះបាល់ទះ U20 អាស៊ីនេះ មកទឹកដីកម្ពុជា ។

ទី២- ការត្រៀមចូលរួមប្រកួតពានរង្វាន់លក្ខណៈមិត្តភាពអន្ដរជាតិ Tri Nations Cup 2024 ។ បន្ទាប់ពីកម្ពុជា បានចូលរួមលើកដំបូង កាលពីឆ្នាំកន្លងទៅ ដែលមាន ៣ប្រទេសចូលរួម គឺកម្ពុជា សិង្ហបុរី និងម្ចាស់ផ្ទះម៉ាឡេស៊ី ឆ្នាំនេះ កម្ពុជាក៏មានគម្រោងទទួលធ្វើម្ចាស់ផ្ទះការប្រកួតលក្ខណៈមិត្តភាពសម្រាប់ក្រុមជម្រើសជាតិនេះដែរ ដោយគ្រោងនឹងអញ្ជើញបណ្ដាប្រទេសជិតខាង ដូចជាឡាវ និងវៀតណាមចូលរួមទៀតផង ។

ទី៣-កម្ពុជានឹងចូលរួមការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ (SEA V.League) ដែលជាលីគបាល់ទះក្រុមជម្រើសជាតិក្នុងតំបន់ រៀបចំដោយសហព័ន្ធកីឡាបាល់ទះអាស៊ីអាគ្នេយ៍ ។ កន្លងមកព្រឹត្តិការណ៍នេះ មានតែ ៤ប្រទេសចូលរួមប៉ុណ្ណោះ ដូចជាថៃ វៀតណាម ឥណ្ឌូនេស៊ី និងហ្វីលីពីន ។ តែឆ្នាំ២០២៤ នេះ សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ គ្រោងបង្កើនក្រុមចូលរួមដល់ ៨ក្រុម ក្នុងនោះក៏មានក្រុមជម្រើសជាតិកម្ពុជាចូលរួមដែរ ។

លោក អាំង សិរីពិសិដ្ឋ បន្ថែមថា នេះគឺជាទស្សនៈវិស័យរបស់ថ្នាក់ដឹកនាំសហព័ន្ធ ក្នុងការជំរុញក្រុមជម្រើសជាតិ ក៏ដូចជាក្រុមបាល់ទះកម្ពុជា ចូលរួមការប្រកួតអន្ដរជាតិឲ្យបានច្រើន ទោះបីព្រឹត្តិការណ៍មានប្រាក់រង្វាន់ ឬច្រើន មិនសំខាន់ អ្វីដែលសំខាន់ គឺដើម្បីលើកកម្ពស់វិស័យបាល់ទះជាតិ និងលើកតម្លៃកេរ្ដិ៍ឈ្មោះរបស់ប្រទេសជាតិ ដើម្បីសម្រួចសមត្ថភាពអត្តពលិកបាល់ទះកម្ពុជា ពិសេសត្រៀមស៊ីហ្គេម ឆ្នាំ២០២៥ នៅថៃ ៕