(វ៉ាស៊ីនតោន)៖ តារា World Cup 2022 Lionel Messi និងមិត្តរួមក្រុម Luis Suarez បានរួមចំណែកជួយក្រុម Inter Miami CF យកបាន ៣ពិន្ទុនៅថ្ងៃបើកឆាកលីគកំពូលអាមេរិក Major League Soccer 2024-2025 នៅពេលយកឈ្នះក្រុមភ្ញៀវ Real Salt Lake ២-០ កាលពីរាត្រីថ្ងៃពុធ (ម៉ោងក្នុងតំបន់)។

កីឡាករអន្តរជាតិអាហ្សង់ទីន វ័យ ៣៦ឆ្នាំ Messi បានបោះបាល់ឱ្យមិត្តរួមក្រុម Robert Taylor បញ្ចប់ទីបានសម្រេច នៅចុងម៉ោងនៃការប្រកួតសម្រាប់វគ្គទី១ នៅមុនពេលគ្រាប់ទី២ ធ្វើបានសម្រេចដោយកីឡាករ Diego Gomez ពីការបញ្ជូនរបស់ Luis Suarez។

ថ្លែងក្នុងសន្និសីទក្រោយចប់ការប្រកួត លោក Gerado Martino អ្នកចាត់ការទូទៅ Miami បានឱ្យដឹងថា «មើលទៅចង្វាក់លេងរបស់ Messi គឺនៅល្អទេ បូករួមទាំងល្បឿនផងដែរ។ ពុំមានបញ្ហាអ្វីឡើយ ក្រោយជាសះស្បើយពីរបួស»។

Messi ដែលត្រូវបានម្ចាស់ក្លិប Miami គឺលោក David Beckham ទាក់ទងមកលេងនៅអាមេរិករដូវកាលមុន នាដើមសប្តាហ៍នេះ បានបង្ហោះវីដេអូ អំពីការអវត្តមានរបស់លោកក្នុងជំនួបមិត្តភាពអន្តរជាតិនៅហុងកុងផងដែរ កាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោយពេលអ្នកគាំទ្រចិនជាច្រើននាក់ បានសំដែងការខឹងសម្បារជាខ្លាំង នៅពេលរូបគេ មិនបានចូលលេង ដោយសារមានរបួសនោះ៕