(ប៉ារីស)៖ ក្រុមរបស់អ៊ីតាលី AC Milan បានឈានទៅវគ្គ ១៦ក្រុមចុងក្រោយនៃពានរង្វាន់លំដាប់ទី២ អឹរ៉ុប UEFA Europa League 2023-2024 ជាបន្តទៀត បើទោះបីជាចាញ់ក្នុងផ្ទះ Rennes ៣-២ បញ្ចប់ជើងទី២ នាយប់មិញនេះ ក្នុងវគ្គ ៣២ក្រុមក៏ដោយ។

AC Milan ដែលកំពុងលេងនៅ Serie A បច្ចុប្បន្ន បានឆ្លងចូលវគ្គ ១/៨ ជាបន្តទៀត ក៏ព្រោះតែពួកគេបានយកឈ្នះក្រុមបារាំង Rennes ៥-៣ ក្នុងលទ្ធផលទាំង ២ជើង នៅពេលជើងទី១ ក្នុងផ្ទះរបស់ពួកគេបានលេងឈ្នះគូប្រជែង ៣-០ ដែលអាចប៉ះក្រុមណាមួយក្នុងពិធីចាប់ឆ្នោតវគ្គ ១៦ក្រុមនៅរាត្រីថ្ងៃសុក្រនេះ ក្នុងចំណោម ៤ក្រុមរបស់ចក្រភពអង់គ្លេសមានដូចជា Liverpool, West Ham United, Brighton ឬក៏ Rangers ជាដើម។

ជាមួយគ្នានោះ ក្រុមរបស់អ៊ីតាលីមួយទៀតគឺ AS Roma ក៏បានឆ្លងចូលវគ្គ ១៦ក្រុមផងដែរ នៅពេលទាត់បាល់ប៉េណាល់ទីកាត់សេចក្តីឈ្នះ Feyenoord របស់ហូឡង់ ក្នុងលទ្ធផល ៤-២។

នេះមានន័យថា ក្រុមទាំងពីរខាងលើនេះ បានចូលរួមជាមួយ SC Frelburg, Sporting Lisbon, Qarabag, Sparta Prague និង Marseille ក្នុងការឡើងទៅវគ្គចាញ់-ធ្លាក់ជាបន្តទៀត ក្នុងការចាប់ឆ្នោតនៅរាត្រីថ្ងៃសុក្រនេះជាមួយ ៨ក្រុមផ្សេងទៀត ដែលបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣ នៅពាន UEFA Champions League មុនពេលជើងទី១ ចាប់ផ្តើមប្រកួតពីថ្ងៃទី០៧ ខែមីនា និងជើងទី២ ធ្វើនៅថ្ងៃទី១៤ នៃខែដដែល ឆ្នាំ២០២៤៕