(ម៉ាឌ្រីដ)៖ តារា World Cup 2014 គឺ Toni Kross បានប្រកាសចាកចេញពីការចូលនិវត្តន៍ពីក្រុមជម្រើសជាតិរបស់ខ្លួន ដើម្បីចូលរួមជាមួយអាល្លឺម៉ង់វិញ សម្រាប់ព្រឹត្តិការណ៍ជើងឯកអឺរ៉ុប UEFA Euro 2024 ដែលនឹងចាប់ផ្តើមនាខែមិថុនាខាងមុខ។

តាមរយៈការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះបានឱ្យដឹងថា ខ្សែបម្រើប្រយុទ្ធក្លិប Real Madrid វ័យ ៣៤ឆ្នាំ Kroos បានចាកចេញពីការនិវត្តន៍ ដើម្បីមានកៅអីលេងពាន Euro 2024 ចំពេលអាល្លឺម៉ង់ធ្វើម្ចាស់ផ្ទះផងនោះ ដ្បិតរូបគេបានចូលលេងចំនួន ១០៦ប្រកួតមកផងដែរសម្រាប់ក្រុមរហស្សនាម «ឥន្រ្ទីដែក» មួយនេះ។

នៅចាំបានថា Toni Kroos បានចូលលេងលើកចុងក្រោយជាមួយជម្រើសជាតិអាល្លឹម៉ង់ កាលចាញ់វគ្គ ១៦ក្រុមនៅ Euro 2020 ទល់នឹងអង់គ្លេសនៅកីឡដ្ឋាន Wembley ក្នុងនាមជាសមាជិកម្នាក់ដែលបានរួមចំណែកជួយអាល្លឺម៉ង់ ឈ្នះជើងឯកបាល់ទាត់ពិភពលោក World Cup 2014 នៅប្រទេសប្រេស៊ីល មុនពេលប្រកាសលាឈប់ពីក្រុមជម្រើស ជាតិនាអំឡុងខែកក្កដា ឆ្នាំ២០២១។

Kroos បានសរសេរបង្ហោះនៅលើបណ្តាញសង្គម Instagram របស់ខ្លួនថា «ខ្ញុំនឹងលេងឱ្យជម្រើសជាតិអាល្លឹម៉ង់ជាថ្មីវិញចាប់ពីខែមីនាតទៅ។ ហេតុអ្វី? ក៏ព្រោះតែខ្ញុំបានជូនដំណឹងដល់គ្រូបង្វឹករួចរាល់ហើយដែរ ថាខ្ញុំអាចនៅលេងបាន។ ខ្ញុំពិតជាប្រាកដក្នុងចិត្តថា មានរឿងជាច្រើនដែលអាចទៅរួចជាមួយជម្រើសជាតិនៅ Euro ច្រើនជាងអ្នកដទៃបានគិតនាពេលនេះ»