(បរទេស)៖ ចាប់តាំងពីក្រុមហ៊ុនលំដាប់ខ្នាតយក្ស Tesla ឈានជើងចូលវិនិយោគ នឹងសាងសង់ Gigafactory ជាលើកដំបូងនៅក្នុងទីក្រុង Berlin (Gigafactory Berlin) ក្រុមហ៊ុនយក្សនេះធ្លាប់បានប្រកាសឱ្យដឹងថា ខ្លួនមានផែនការពង្រីកបន្ថែមទៀតក្នុងពេលណាមួយនៅក្នុងទីតាំងដដែលនេះ។ តែយ៉ាងណាមកដល់ពេលនេះ គម្រោងពង្រីក Gigafactory របស់ Tesla ហាក់មិនទទួលបានការគាំទ្រនោះទេ ខណៈអ្នកស្រុកជាច្រើនកំពុងនាំគ្នាតវ៉ា។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន ArenaEV។

យោងតាមរបាយការណ៍ចេញផ្សាយបានឱ្យដឹងថា ថ្មីៗនេះសាលាក្រុង Grunheide ស្ថិតនៅក្នុងទីក្រុង Brandenburg បានធ្វើការបោះឆ្នោត ហើយក្នុងនោះឃើញថាមានអ្នកស្រុកប្រហែល ៧០ភាគរយនៃអ្នកស្រុកទាំងអស់បានចូលរួម បន្ទាប់ពីក្រុមហ៊ុន Tesla ដាក់ស្នើផែនការពង្រីករបស់ខ្លួន។ តាមការឱ្យដឹង ការបោះឆ្នោតនេះ មិនដំណើរការល្អសម្រាប់ក្រុមហ៊ុន Tesla នោះទេ ខណៈដែលអ្នកស្រុកប្រមាណ ៣,៤៩៩នាក់បានបោះឆ្នោតប្រឆាំងនឹងគម្រោងការពង្រីកនេះ ហើយមានតែអ្នកស្រុកប្រមាណ ១,៨៨២នាក់ប៉ុណ្ណោះដែលបោះឆ្នោតគាំទ្រ។

ជុំវិញការមិនគាំទ្រនេះគឺ ដោយសារអ្នកស្រុកមានកង្វល់ទាក់ទងនឹងការផ្គត់ផ្គង់ទឹក ក៏ដូចជាការកាប់បំផ្លាញព្រៃឈើ ដោយតំបន់ដែល Tesla គ្រងទុកនោះនឹងតម្រូវឱ្យកាប់ព្រៃឈើប្រមាណជាង ១០០ហិកតាឯណោះ។

គួរកត់សម្គាល់ថាការបោះឆ្នោតនេះទំនងមិនជាប់គាំងទេ ប៉ុន្តែវាធ្វើឱ្យផែនការរបស់ក្រុមហ៊ុន Tesla ពង្រីកកាន់តែពិបាក។ អាជ្ញាធរក្នុងតំបន់នឹងត្រូវយកការសម្រេចចិត្តរបស់អ្នកស្រុកមកពិចារណា ហើយក្រុមហ៊ុន Tesla ប្រហែលជាត្រូវកែសម្រួលផែនការរបស់ខ្លួនម្តងទៀត៕