(ភ្នំពេញ)៖ បន្ទាប់ពីឈរជើងយ៉ាងរឹងមាំក្នុងវិស័យអចលនទ្រព្យជាង៣ឆ្នាំមកនោះ ក្រុមហ៊ុន ព្រីមៀរ ផាក ឯ.ក បានប្រកាសបើកលក់ដីឡូតិ៍ដំណាក់កាលទី៣ ដែលនៅកៀកជិតពហុកីឡដ្ឋានជាតិមរតកតេជោ ផ្សារម៉ាក្រូ ហេដ្ឋារចនាសម្ពន្ធធំៗ ព្រោះជាទីតាំងកំពុងមានការអភិវឌ្ឍឱ្យក្លាយទៅជាទីក្រុងនាគរាជ ហើយក៏ជាចំណុចកណ្ដាលរវាងទន្លេមេគង្គលើ-ទន្លេសាប អំណោយផលល្អបំផុតសម្រាប់ការរស់នៅបែបស៉ីវិល័យ។

គួរបញ្ជាក់ថា ទីតាំងដីឡូតិ៍របស់ក្រុមហ៊ុន ព្រីមៀរ ផាក ស្ថិតនៅភូមិអំពិលទឹក ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល ខាងជើងពហុកីឡដ្ឋានជាតិមរតកតេជោប្រមាណតែ២គីឡូម៉ែត្រប៉ុណ្ណោះ ដែលអនាគតនឹងក្លាយទីក្រុងនាគរាជតេជោ ជាទីក្រុងរណបដ៏សំខាន់នៃរាជធានីភ្នំពេញ។

ដើម្បីនាំមកនូវឱកាសមាសសម្រាប់អតិថិជនរបស់ខ្លួន ក្រុមហ៊ុន ព្រីមៀរ ផាក ឯ.ក បានរៀបចំពិធីសម្ពោធបើកលក់ដំណាក់កាលទី៣ និងការប្រគល់ប្លង់និងដីឡូតិ៍ជូនអតិថិជនជាផ្លូវការ នាល្ងាចថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅក្នុងទីតាំងគម្រោងរបស់ក្រុមហ៊ុនផ្ទាល់តែម្ដង។

លោក ឈួរ ឈុនហួរ អគ្គនាយករងក្រុមហ៊ុន ព្រីមៀរ ផាក បានឱ្យដឹងថា គម្រោងដីឡូតិ៍របស់ក្រុមហ៊ុន ព្រីមៀរ ផាក បានចាប់ផ្ដើមបើកលក់តាំងពីឆ្នាំ២០២១មកម្ល៉េះ ក្នុងនោះគម្រោងទី១មានដល់ទៅ៣ដំណាក់កាល ខណៈបច្ចុប្បន្នដំណាក់កាលទី១ និងទី២បានបើកលក់អស់ហើយ ហើយនៅថ្ងៃនេះ ក្រុមហ៊ុន ព្រីមៀរ ផាក បានប្រកាសបើកលក់ដំណាក់កាលទី៣ទៀត។

លោកអគ្គនាយករងបានបង្ហាញពីមូលហេតុដែលក្រុមហ៊ុន ព្រីមៀរ ផាក សម្រេចចិត្តក្នុងការអភិវឌ្ឍវិស័យអចលនទ្រព្យនៅទីតាំងនេះ គឺដោយសារតំបន់នេះកំពុងមានការអភិវឌ្ឍ ខណៈនៅជុំវិញតំបន់គម្រោងអភិវឌ្ឍនេះមានសុទ្ធតែហេដ្ឋារចនាសម្ពន្ធសំខាន់ៗ ទាំងរដ្ឋ និងឯកជន ដូចជា សាលារៀន មន្ទីរពេទ្យ មានស្ថានីយទឹកស្អាត អគ្គិសនី ផ្សារទំនើបម៉ាក្រូ ពហុកីឡដ្ឋានជាតិមរតកតេជោ វិមានឈ្នះឈ្នះ សួនសត្វភ្នំពេញសាហ្វឺរី មានផ្លូវខ្វាត់ខ្វែង។ ចម្ងាយពីពហុកីឡដ្ឋានជាតិមរតកតេជោត្រឹមតែជាង២គីឡូម៉ែត្រប៉ុណ្ណោះ។

លោក ឈួរ ឈុនហួរ បានអះអាងថា ចាប់ពីពេលនេះទៅអនាគត រាជរដ្ឋាភិបាលបាននិងកំពុងអភិវឌ្ឍតំបន់នេះឱ្យក្លាយជាទីក្រុងនាគរាជតេជោ ដែលជាទីក្រុងថ្មីរណបរាជធានីភ្នំពេញដ៏សំខាន់។

លោកអគ្គនាយករងបានបន្តថា អ្នកជំនាញអចលនទ្រព្យជាច្រើនបានសិក្សាឃើញថា តំបន់នេះអំណោយផលដល់ការរស់នៅល្អជាងគេ ដោយសារមិនមានរោងចក្រឧស្សាហកម្ម ផ្លូវថ្នល់ធំៗ ហេដ្ឋារចនាសម្ពន្ធ ពិសេសគឺស្ថិតនៅកណ្ដាលទន្លេធំៗ២ គឺទន្លេសាបនៅខាងលិច និងទន្លេមេគង្គលើនៅខាងកើត ដែលផ្ដល់ខ្យល់ធម្មជាតិបរិសុទ្ធល្អ អំណោយផលដល់ការរស់នៅ។

អគ្គនាយករងរូបនេះបានលើកឡើងពីលក្ខណៈពិសេស៥យ៉ាងសំខាន់ៗនៃគម្រោងដីឡូតិ៍ដំណាក់កាលទី៣នេះ

ទី១. ទីតាំងគម្រោងនៅស្របតាមផ្លូវមេទទឹង៣០ម៉ែត្រ ដែលងាយស្រួលក្នុងការធ្វើដំណើរទៅមក។ ម្យ៉ាងទៀត គឺនៅជិតនឹងមហាវិថីឈ្នះឈ្នះ ផ្លូវជាតិលេខ៦អា ក៏ដូចជាផ្លូវសាធារណៈរបស់រដ្ឋជាច្រើនខ្វាត់ខ្វែង។

ទី២. ក្រុមហ៊ុនបានកសាងហេរដ្ឋារចនាសម្ពន្ធស្ទើររួចរាល់អស់ហើយ ខណៈប្រព័ន្ធទឹកស្អាត អគ្គិសនី ក៏រៀបចំបានច្រើនមកហើយដែរ។

ទី៣. ទំហំដីឡូតិ៍គឺមានច្រើនជម្រើសនិងធំៗ ភាគច្រើនគឺមានខ្នាត១០គុណ៣០ម៉ែត្រ និងខ្នាត២០គុណ៣០ម៉ែត្រ។

ទី៤. ទីតាំងទៀតសោត គឺពិតជាល្អខ្លាំងណាស់ ដែលស្ថិតនៅចំណុចក្បាលនាគនៃទីក្រុងនាគរាជ កៀកនឹងពហុកីឡដ្ឋានជាតិមរតកតេជោ វិមានឈ្នះឈ្នះ ផ្សារម៉ាក្រូ សួនទឹក សួនសត្វ សាលាភូមិន្ទយុត្តិធម៌ ជិតផ្លូវជាតិលេខ៦អា។ ម្យ៉ាងទៀតក៏នៅក្បែរចំណុចចាប់ផ្ដើមផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែតផងដែរ ដែលងាយស្រួលសម្រាប់ការធ្វើដំណើរទៅមកខេត្តសៀមរាប ក្រុងប៉ោយប៉ែត នាថ្ងៃអនាគត។

ទី៥. ជាចំណុចពិសេស គឺមានប្លង់រឹងស្រាប់សម្រាប់អតិថិជន ប្រសិនអថិតិជនទិញដីឡូតិ៍ក្នុងដំណាក់កាលទី៣នេះ គឺមិនចាំបាច់ចាំយូរនោះឡើយ។

លោក ឈុនហួរ បានបន្តទៀតថា ទោះបីនៅប្រទេសកម្ពុជា និងក្នុងតំបន់ជួបវិបត្តិអចលនទ្រព្យ ឬកំពុងតែសម្ងំក៏ដោយ ប៉ុន្តែក្រុមហ៊ុន ព្រីមៀរ ផាក មិនសម្ងំនោះទេ គឺនៅតែបន្តការអភិវឌ្ឍគម្រោងរបស់ខ្លួនដដែល នៅតែមានការទទួលខុសត្រូវខ្ពស់ ដើម្បីធានាជំនឿទុកចិត្តរបស់អតិថិជន។

លោកអគ្គនាយករង ឈួរ ឈុនហួរ បានបន្ថែមថា ការអភិវឌ្ឍនៅទីតាំងរបស់ក្រុមហ៊ុន ព្រីមៀរ ផាក គឺផ្ដោតលើបរិស្ថានជាចាំបាច់ តាមរយៈការបង្កើតសួនកម្សាន្ត ការដាំដើមឈើ និងរុក្ខជាតិផ្កា ក៏ដូចជាទីតាំងលម្ហែកាយផ្សេងទៀតសម្រាប់អតិថិជនដែលមករស់នៅជាមួយគម្រោងអភិវឌ្ឍន៍ ព្រីមៀរ ផាក។

សូមជម្រាបថា នាពិធីបើកសម្ពោធនោះដែរ ក៏មានការប្រគល់-ទទួលប្លង់រឹងជូនអតិថិជនចំនួន៣រូបជាតំណាងផងដែរ ដែលពួកគាត់បានផ្ដល់ការទុកចិត្តទិញដីឡូតិ៍ពីក្រុមហ៊ុន ព្រីមៀរ ផាក កាលពីដំណាក់កាលទី២កន្លងទៅ។ លោកស្រី ហៃ ដារ៉ានីឡែន ជាអតិថិជនមួយរូបក្នុងចំណោមនោះ បានឱ្យដឹងថា លោកស្រីបានសម្រេចទិញដីឡូតិ៍ខ្នាត២០គុណ៣០ម៉ែត្រ ចំនួន២ឡូតិ៍ទល់ខ្នងគ្នា។ បានជាលោកស្រីសម្រេចចិត្តទិញដីពីក្រុមហ៊ុន ព្រីមៀរ ផាក ក៏ដោយសារលោកស្រីមានក្ដីស្រមៃចង់បានផ្ទះនៅជួបជុំគ្រួសារ ស្ថិតនៅទីតាំងដែលល្អ មានបរិយាកាសស្រស់ស្រាយ មានខ្យល់ធម្មជាតិចេញពីទន្លេទាំងសងខាង ហើយក្រុមហ៊ុន ព្រីមៀរ ផាក ក៏បានកសាងផ្លូវចេញចូលច្រើន ព្រមទាំងផ្ដល់ទំនុកចិត្តលើផ្នែកសន្តិសុខ សុវត្ថិភាពផងដែរ។

ក្នុងពិធីដ៏រីករាយនេះដែរ គេក៏ឃើញមានការចុះកិច្ចសន្យាទិញ-លក់ដីឡូតិ៍រវាងភាគីក្រុមហ៊ុន ព្រីមៀរ ផាក និងភាគីអថិតិជនផងដែរ ពោលគឺរវាងលោកស្រី សួន ណាផា អគ្គនាយិកាក្រុមហ៊ុន ព្រីមៀរ ផាក និងលោកស្រី រស់ ផល្លា ម្ចាស់ដីឡូតិ៍ចំនួន៩ឡូតិ៍ក្នុងនាមតំណាងអតិថិជនផ្សេងទៀត។

មានវត្តមានក្នុងពិធីនោះដែរ លោកឧកញ៉ា នួន រិទ្ធី បានថ្លឹងថ្លែងឱ្យប្រជាពលរដ្ឋបានយល់ថា ការទិញដីឡូតិ៍ជាមួយក្រុមហ៊ុន ព្រីមៀរ ផាក គឺកាត់បន្ថយថ្លៃដើមជិតពាក់កណ្ដាល និងទទួលបានផលចំណេញច្រើន។ លោកថា ប្រសិនបើអតិថិជនទិញផ្ទះវីឡាស្រាប់ ទម្រាំរកលុយបានគ្រប់ ពេលវេលាចេះតែដើរទៅមុខ ធ្វើឱ្យអស់ប្រាក់ទិញយ៉ាងច្រើន ប៉ុន្តែប្រសិនបើអតិថិជនទិញដីឡូតិ៍ទុកមុន ហើយសងសង់ផ្ទះវីឡានៅពេលក្រោយក៏បាន នោះនឹងកាត់បន្ថយថ្លៃដើមជិតពាក់កណ្ដាល។ ដូច្នេះគម្រោងលក់ដីឡូតិ៍សម្រាប់ធ្វើផ្ទះវីឡារបស់ក្រុមហ៊ុន ព្រីមៀរ ផាក គឺពិតជាល្អខ្លាំងណាស់សម្រាប់ប្រជាពលរដ្ឋគ្រប់គ្នា។

សូមបញ្ជាក់បន្ថែមថា នៅមុនកម្មវិធីចាប់ផ្ដើម តំណាងក្រុមហ៊ុន ព្រីមៀរ ផាក បានរៀបចំការប្រគល់-ទទួលដីឡូតិ៍ជូនអតិថននៅមុខទីតាំងក្បាលដីដោយផ្ទាល់ផងដែរ ក្នុងនោះមានលោក ស្រស់ ស៊ីមិនា ជាម្ចាស់ដីឡូតិ៍ចំនួន២ឡូតិ៍ ខ្នាត២០គុណ៣០ម៉ែត្រ, លោកស្រី កែវ សិរីរ័ត្ន និងគ្រួសារ ជាម្ចាស់ដីឡូតិ៍ដល់ទៅ៦ឡូតិ៍ ព្រមទាំងលោកស្រី ស៊ូ ខេង និងគ្រួសារ ជាម្ចាស់ដីឡូតិ៍ចំនួន១ឡូតិ៍ ខ្នាត៣០គុណ៣០ម៉ែត្រ៕