(ម៉ូនិច)៖ គិតត្រឹមពេលនេះ Bayer Leverkusen បានកំពុងនាំមុខកំពូលតារាងដាច់ ១១ពិន្ទុ បើធៀបជាមួយក្រុមលេខ២ Bayern Munich បន្ទាប់ពីយកឈ្នះគូប្រជែង Mainz 05 នាយប់មិញនេះទៀតដោយលទ្ធផល ២-១ ក្នុងសប្តាហ៍ទី២៣ សម្រាប់ជើងទី២ របស់ពួកគេ។

នេះមានន័យថា ក្រុមដែលកំពុងដឹកនាំដោយគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញ គឺលោក Xabi Alonso បានសាងកំណត់ត្រាថ្មីក្លាយជាក្រុមអាល្លឺម៉ង់ដំបូងគេ ដែលលេង ៣៣ប្រកួតមិនចាញ់ឡើយ ស្របពេលពួកគេនាំមុខកំពូលតារាងដាច់ចំនួន ១១ពិន្ទុផងដែរក្នុងលីគ Bundesliga របស់អាល្លឺម៉ង់នារដូវកាលនេះ។

ជាមួយគ្នានេះដែរ ក្រុមខ្លារខិន Bayern Munich ដែលមាន ៥០ពិន្ទុក្នុងដៃ នឹងកាត់បន្ថយគម្លាតពិន្ទុមកនៅត្រឹម ៨ពិន្ទុវិញ ប្រសិនបើពួកគេអាចយកឈ្នះគូប្រជែង RB Leipzig ក្នុងកីឡដ្ឋាន Allianz Arena របស់ខ្លួននៅរាត្រីថ្ងៃសៅរ៍នេះ។

ក្នុងប្រកួត ៩០នាទីពេញ អតីតកីឡាករក្លិបកាំភ្លើងធំ Arsenal គឺ Granit Xhaka ជាអ្នករកបានគ្រាប់នាំមុខឱ្យម្ចាស់ផ្ទះ Leverkusen ត្រឹមចាប់ផ្តើមប្រកួតបាន ៣នាទីប៉ុណ្ណោះ នៅមុនពេល Dominik Kohr បានតែតគ្រាប់តាមស្មើឱ្យ Mainz វិញក្នុង ៤នាទីបន្ទាប់ ដើម្បីបញ្ចប់វគ្គទី១ ស្មើគ្នា ១-១ ហើយ Robert Andrich ជាអ្នករកបានគ្រាប់ជ័យជម្នះនៅនាទី៦៨ និងជាគ្រាប់បាល់ទី១ របស់គេផងដែរនៅ Bundesliga រដូវកាលនេះ៕