(ខេត្តសៀមរាប)៖ ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) បានរៀបចំឱ្យមានគម្រោង «បណ្ណាល័យវីតាល់» នាទឹកដីរុនតាឯក ខេត្តសៀមរាប ក្នុងគោលបំណង លើកកម្ពស់ទម្លាប់នៃការអាន ដល់សិស្សានុសិស្ស តាមរយៈការរៀបចំជួសជុល បំពេញបន្ថែមឡើងវិញនូវបណ្ណាល័យ ដែលមានស្រាប់ និងមានសភាពចាស់ នៅសាលាបឋមសិក្សាជ័យ ដែលបានសម្ភោធ ដាក់ឱ្យប្រើប្រាស់នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅភូមិជ័យ ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។

កម្មវិធីសម្ពោធដាក់ឱ្យប្រើប្រាស់ បណ្ណាល័យថ្មី នៃគម្រោង «បណ្ណាល័យវីតាល់» ទទួលបានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ វីតាល់ សមាជិកក្រុមប្រឹក្សាភូមិ ឃុំ លោកគ្រូ អ្នកគ្រូ ប្រជាសហគមន៍ អាណាព្យាបាលសិស្ស យុវជនស្ម័គ្រចិត្ត និងសិស្សានុសិស្ស ប្រមាណជិត ៣០០នាក់។ គម្រោង «បណ្ណាល័យវីតាល់» ត្រូវបានរៀបចំឡើងដើម្បីចូលរួម ពង្រឹងបន្ថែមនូវថ្នាលបណ្តុះសាបព្រោះចំណេះដឹង ពិសេសលើកកម្ពស់អំណាន ទៅដល់កុមារា កុមារី ដែលកំពុងសិក្សា នៅសាលាបឋមសិក្សាជ័យ ។ ទន្ទឹមនឹងពិធីសម្ភោធ ដាក់ឱ្យប្រើប្រាស់ បណ្ណាល័យវីតាល់ ក្រុមការងារបានរៀបចំ ឱ្យមានសកម្មភាពចំរុះជាច្រើន ដែលមានការចូលរួម និង សម្របសម្រួលពីអ្នកស្ម័គ្រចិត្តវីតាល់ ប្រជាសហគមន៍ នូវកម្មវិធីការអប់រំ និងចែករំលែក កសាងសមត្ថភាព និងអប់រំសុខភាព សាលារៀន (ការរស់នៅស្អាត ការបរិភោគស្អាត) ដែលមានការចូលរួមសម្របសម្រួល ពីមន្ទីរពេទ្យកុមារអង្គរផងដែរ ។ បន្ថែមពីនេះ ក្រុមការងារ ក៏បានរៀបចំអាហារថ្ងៃត្រង់ ដែលទទួលបានការឧបត្ថម្ភពីមីជាតិ បន្ទាប់ពីសកម្មភាព នៃការការធ្វើអនាម័យ បរិស្ថានសាលា និងការ ចូលរួមគូរគំនូរ ជញ្ជាំងបណ្ណាល័យ ដែលបានរចនាឡើងយ៉ាងស្រស់ស្អាត ជាអនុស្សាវរីយ៍ដ៏ប្រពៃពី វីតាល់ ជាចំណងដៃដល់ បណ្ណាល័យថ្មី នៃសាលាបឋមសិក្សាជ័យ។

លោក ជុនហៀង ថាវសិទ្ធិ អនុប្រធានប្រតិបត្តិការធុរកិច្ច នៃក្រុមហ៊ុន វ័ន ហ្រ្វេតធើនីធី (វីតាល់) បានមានប្រសាសន៍ថា ៖ ‍«កុមារគឺជាទំពាំងស្នងឬស្សី សម្រាប់សង្គមជាតិ និងជាធនធាន ដ៏ចាំបាច់សម្រាប់កម្ពុជា ដើម្បីទទួលបានធនធនមនុស្ស ដែលល្អសម្រាប់សង្គម គឺប្រជាជនត្រូវមានចំណេះដឹង មួយជ្រុងក្រៅពីការបណ្តុះបណ្តាលរបស់គ្រូ សិស្សគួរគប្បីស្វ័យសិក្សា តាមរយៈការអាន ការស្រាវជ្រាវបន្ថែម និងការចែករំលែកចំណេះដឹង តាមរយៈការយល់ពីអំណាន ឱ្យបានច្រើន ពោលគឺបង្កើតទម្លាប់នៃការអាន ដែលនេះជាកត្តាជួយពង្រឹង បន្ថែមនូវសមត្ថភាពសិក្សា របស់ពួកគាត់ បានកម្រិតបន្ថែមទៀត ។ តួយ៉ាងថ្ងៃនេះ សកម្មភាពនៃការឧបត្ថម្ភគាំទ្រ នាពេលនេះគឺជាការផ្តួចផ្តើមបំពេញ បន្ថែមនូវការសាបព្រោះ គ្រាប់ពូជ ចំណេះដឹង ទៅកាន់ប្អូនៗ នៅសាលាបឋមសិក្សាជ័យ តាមរយៈសកម្មភាពអំណាន ជាមួយបណ្ណាល័យ ដែលមានសោភ័ណភាព និងភាពទាក់ទាញ»

លោកស្រី សុខ ញ៉ា នាយិកាសាលាបឋមសិក្សាជ័យ បានមានប្រសាសន៍ថា ៖ «សាលាជ័យ ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៣ ក្រោមជំនួយ សប្បុរសជននានា ដែលបានចូលរួមឧបត្ថម្ភគាំទ្រ សម្រាប់ការសាងសង់ហេដ្ឋា រចនាសម្ព័ន្ធចាំបាច់ជាបន្តបន្ទាប់ ក្នុងនោះបណ្ណាល័យ សាលាមានសភាពចាស់ និងមានការជ្រាបទឹក ហើយជាភ័ព្វសំណាង សាលា និងសហគមន៍ទទួលបានការឧបត្ថម្ភគាំទ្រ ពី វីតាល់ និងមូលនិធិ២៥រៀល ឱ្យមានការរៀបចំឡើងវិញបណ្ណាល័យយ៉ាងស្រស់ស្អាត និងមានភាពច្នៃប្រឌិត គួរជាទីពេញចិត្តរបស់សិស្សានុសិស្ស ក្នុងការចូលទៅអាន និងសិក្សាស្រាវជ្រាវបន្ថែម។ តំណាងឱ្យសាលាបឋមសិក្សាជ័យ អាណាព្យាបាល និងសហគមន៍ សូមថ្លែងអំណរគុណដល់ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) ដែលបានបង្កើតគម្រោង បណ្ណាល័យវីតាល់ នេះឡើងដែលជាផ្នែកមួយជួយកែប្រែសោភ័ណភាព បណ្ណាល័យឱ្យកាន់តែមានភាពទាក់ទាញ ពិសេសជាការលើកទឹកចិត្ត និងបង្កើតទម្លាប់ការអាន សម្រាប់កុមារកាន់តែច្រើនឡើងៗ »

គូសបញ្ជាក់ផងដែរថា រាល់ការជាវទឹកពិសាវីតាល់១ដប លោកអ្នកបានចូលរួម ចំណែកបរិច្ចាគចំនួន២៥៛ ទៅក្នុងកិច្ចការសង្គមនានារបស់ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) ។ ក្រុមហ៊ុនទឹកពិសាវីតាល់ ជាក្រុមហ៊ុនផលិតទឹកពិសា របស់ប្រជាជនខ្មែរ ដែលមានគុណភាពខ្ពស់ និងអនុលោមស្រប តាមស្តង់ដារជាតិ និងអន្តរជាតិ ដែលបានឆ្លងកាត់ដំណាក់កាលបន្សុទ្ធដោយប្រើប្រាស់ប្រព័ន្ធបន្សុទ្ធទឹកយ៉ាង ទំនើបពីប្រទេសអាល្លឺម៉ង់ ដែលធានាបាននូវគុណភាព ហើយក៏ជាជម្រើសដ៏ស័ក្តិសមបំផុត សម្រាប់គ្រប់វ័យ គ្រប់កាលៈទេសៈ ។ វីតាល់ មោទនភាព ផលិតផលជាតិ៕