(ម៉ាឌ្រីដ)៖ ក្រុមបាល់ទាត់ជម្រើសជាតិស្រ្តីអេស្ប៉ាញ ដែលជាជើងឯក Women’s World Cup 2023 បានឡើងទៅជុំចុងក្រោយនៃព្រឹត្តិការណ៍កីឡាអូឡាំពិក រដូវក្តៅ ឆ្នាំ២០២៤ ជាលើកដំបូងសម្រាប់ពួកគេ បន្ទាប់ពីយកឈ្នះស្រ្តីហូឡង់ ៣-០ ក្នុងពាន Nations League នាយប់មិញនេះ។

តាមរយៈជ័យជម្នះ ៣ទល់នឹង០ ពីក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ជើងឯកប្រចាំទ្វីបអឺរ៉ុប UEFA Nations League នេះដែរ បានញ៉ាំងឱ្យស្រ្តីអេស្ប៉ាញឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ និងទទួលលបានកៅអី១ ផងដែរ ដើម្បីលេងនៅព្រឹត្តិការណ៍កីឡាចម្រុះ Paris Olympic Games 2024 ដែលនឹងធ្វើនៅប្រទេសបារាំងនាចុងខែកក្កដាខាងមុខ។

កីឡាការិនី Aitana Bonmati, Ona Batlle និងប្រធានក្រុម Jennifer Hermoso បានរួមចំណែករកបានម្នាក់ ១គ្រាប់ដូចគ្នាសម្រាប់ក្រុមគោជល់អេស្ប៉ាញ។

ជាមួយគ្នានោះ គូប្រជែងស្រ្តីហូឡង់ក៏នៅមានឱកាសប្រជែងកៅអីទៅ Paris 2024 ដែរ ប្រសិនបើពួកគេអាចយកឈ្នះស្រ្តីអាល្លឺម៉ង់ ក្នុងវគ្គដណ្តើមយកចំណាត់ថ្នាក់លេខ៣ Nations League 2024 ដែលនឹង ធ្វើឡើងនៅរាត្រីថ្ងៃពុធសប្តាហ៍ក្រោយ គ្រាដែលក្រុមស្រ្តីបារាំង ទទួលបានកៅអីដោយស្វ័យប្រវត្តិ ក្នុងនាមម្ចាស់ផ្ទះ៕