(បរទេស)៖ ប្រភពពីសារព័ត៌មាន Bloomberg News បានរាយការណ៍មកថា ស្ថាបនិកក្រុមហ៊ុន Amazon.com លោក Jeff Bezos និង Nvidia បានប្រកាសខ្លួនចូលរួមវិនិយោគនៅក្នុងអាជីវកម្ម startup មួយដែលមានឈ្មោះថា Figure AI របស់ក្រុមហ៊ុន OpneAI ក្នុងគោលបំណងបង្កើតមនុស្សយន្តដែលមានលក្ខណៈដូចទៅនឹងមនុស្ស។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤។

Figure AI ត្រូវបានគេស្គាល់ថា ជាគម្រោងមួយរបស់ OpenAI (អ្នកបង្កើតChatGPT) និងក្រុមហ៊ុនមេ Microsoft ហើយក្នុងគម្រោងនោះឃើញមានក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់ខ្នាតយក្សជាច្រើនទៀតបានចូលរួមរួចទៅហើយក្នុងនោះរួមមាន Intel, LG Innotek, Samsung, Parkway Ventures Capital និង Align Ventures ជាដើម។

យោងតាមរបាយការណ៍ចុះផ្សាយបានឱ្យដឹងថា គម្រោងបង្កើតមនុស្សយន្តដែលមានលក្ខណៈដូចទៅនឹងមនុស្សរបស់ OpenAI ឥឡូវនេះកំពុងចាប់ផ្តើមរៃអង្គាសប្រាក់ហើយ ខណៈក្រុមហ៊ុនមេ Microsoft គ្រោងប្រមូលឱ្យបាន ៦៧៥លានដុល្លារនៅក្នុងជុំដំបូងនៃមូលនិធិដែលមានតម្លៃប្រមាណ ២ពាន់លានដុល្លារ។ របាយការណ៍បានបន្ថែមទៀតថា លោក Bezos នឹងបោះទុនប្រមាណ ១០០លានដុល្លារទៅក្នុងនោះតាមរយៈក្រុមហ៊ុន Explore Investments LLC ហើយ Microsoft ដែលជាក្រុមហ៊ុនមេផ្ទាល់របស់ OpenAI នឹងវិនិយោគ ៩៥ពាន់លានដុល្លារ ឯណៈដែល Nvidia នឹងផ្តល់មូលនិធិអមជាមួយ Amazon ចំនួន ៥០លានដុល្លារ។

ដោយឡែកចំពោះទំហំវិនិយោគពីក្រុមហ៊ុនដៃគូជាច្រើនផ្សេងទៀតមិនត្រូវបានប្រភពបង្ហាញនោះទេ។

គួរជម្រាបដែរថា ការវិនិយោគលើអាជីវកម្ម startup បញ្ញាសិប្បនិម្មិត AI នេះបានកើតឡើងបន្ទាប់ពីការបើកដំណើរការ ChatGPT ប្រភេទ Chatbot របស់ OpenAI នៅក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ២០២២ ដោយមានសន្ទុះនៃការគាំទ្រខ្លាំង ខណៈក្រុមហ៊ុនលំដាប់ខ្នាតយក្សជាច្រើននាំគ្នាសម្រុកធ្វើលើវិស័យនេះដើម្បីដើរទាន់ការប្រកួតប្រជែងពីដៃគូធំៗ៕