(ម៉ាឌ្រីដ)៖ ជំនួបបាល់ទាត់រវាងក្រុម Valencia ទល់នឹង Granada ក្នុងក្របខណ្ឌលីគកំពូល La Liga នៅរាត្រីនេះ ត្រូវបានសម្រេចពន្យារពេល ដោយសារបញ្ហាអគ្គីភ័យក្នុងទីក្រុង Valencia ដែលបានកើតឡើងកាលពីថ្ងៃព្រហស្បតិ៍ (ម៉ោងក្នុងតំបន់)។

តាមរយៈការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះបានឱ្យដឹងថា ជំនួបរវាងក្រុមដែលស្ថិតក្នុងទីក្រុង Valencia ត្រូវបានប្រកាសលើកពេល បន្ទាប់ពីអគ្គីភ័យបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១០នាក់ និង ១៥នាក់ផ្សេងទៀតបានកំពុងបាត់ខ្លួនផងដែរ នៅពេលភ្លើងឆេះបានរាលដាលដល់ទៅ ២អគារស្នាក់នៅផងនោះ។

Valencia ដែលស្ថិតនៅលេខរៀងទី៨ ក្នុងតារាង La Liga នឹងត្រូវទទួលក្រុមភ្ញៀវ Granada នៅរាត្រីថ្ងៃសៅរ៍នេះ ក្នុងកីឡដ្ឋាន Mestalla របស់ខ្លួន។

ថ្នាក់ដឹកនាំក្លិប Valencia បានចាត់ទុកថា នេះជាមហន្តរាយ និងជាពេលដែលត្រូវផ្តល់សេវាកម្មបន្ទាន់ដល់អ្នករាល់គ្នា ដើម្បីគេចផុតពីគ្រោះថ្នាក់ ដ្បិតការប្រកួតនានាទាំងបុរស ស្រ្តី និងកម្រិតយុវជនផងនោះ មានការស្ងៀមស្ងាត់ ១នាទីផងដែរ ដើម្បីជាការគោរពដល់វិញ្ញាណក្ខន្ធដល់អ្នកដែលបានបាត់បង់ជីវិតក្នុងហេតុការណ៍នេះ នៅពេលទង់ជាតិអេស្ប៉ាញ ត្រូវបានបង្ហូតមកនៅត្រឹមពាក់កណ្តាលដងទៀតផង៕