(បរទេស)៖ ក្រុមហ៊ុនផលិតរថយន្តអគ្គីសនីវៀតណាម VinFast ដែលបង្កើតមក ដើម្បីប្រកួតប្រជែងជាមួយក្រុមហ៊ុនអាមេរិក Tesla និងក្រុមហ៊ុនចិន BYD នោះ បានប្រកាសខាតបង់ប្រាក់ប្រមាណ២ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៣នេះ។ ការខតបង់ប្រាក់របស់ VinFast នៅពេលនេះ គឺដោយសារតែការលក់រថយន្តបានតិចជាងការគ្រោងទុក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Yahoo នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤។

តាមការគ្រោងទុក VinFast កំណត់គោលដៅលក់រថយន្តអគ្គីសនីរបស់ខ្លួនឲ្យបាន ៥០,០០០ម៉ឺនគ្រឿងក្នុងមួយឆ្នាំ ប៉ុន្តែជាក់ស្តែងចំនួនលក់ គឺបានត្រឹម ៣៤,៨៥៥គ្រឿងប៉ុណ្ណោះ ដែលធ្វើឲ្យខាតបង់ប្រាក់រហូតដល់ ២.៣៩ពាន់លានដុល្លារ។ ទោះការលក់មិនបានជោគជ័យតាមផែនការនិងធ្វើឲ្យខាតបង់ប្រាក់បែបនេះក្តី តែងាកមកទុនវិនិយោគរបស់ក្រុមហ៊ុននេះ គឺបានកើនឡើងរហូតដល់៩១% គិតជាទឹកប្រាក់មានចំនួន ១.១៩ពាន់លានដុល្លារ។

តាមរយៈលិទ្ធផលពេលនេះ ប្រធានផ្នែកហិរញ្ញវត្ថុក្រុមហ៊ុន VinFast បានលើកឡើងថា ជាលិទ្ធផលគួរជាទីពេញចិត្ត ត្បិតថាចំនួនទុនវិនិយោគបានកើនឡើង ក្នុងត្រីមាសទី៤ នៃឆ្នាំ២០២៣ អាចជំរុញបង្កើនប្រាក់ចំណូល និងកែសម្រួលដើម្បីទាញផលចំណេញ។ លោកថា ក្រុមហ៊ុនបន្តផ្តោតការយកចិត្តទុកដាក់លើការវិនិយោគទុនបន្ថែម, ពង្រឹងរក្សាលទ្ធផលឲ្យនៅថេរល្អ, ហើយពង្រឹងគុណភាពនិងតម្លៃជាដើម។

គួរជម្រាបថា ក្រុមហ៊ុនផលិតរថយន្តអគ្គីសនីវៀតណាម VinFast ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៧ ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Vingroup។ ក្រុមហ៊ុននេះ បានពង្រីកទីផ្សារថយន្តរបស់ខ្លួនជាបន្តបន្ទាប់ តាមរយៈការបើកសាខាលក់រថយន្តនៅតាមបណ្តាប្រទេសនានាដូចជា នៅប្រទេសអាល្លឺម៉ង់ បារាំង ហូឡង់ សហរដ្ឋអាមេរិក កាណាដា ជាដើម៕