(ភ្នំពេញ)៖ ទីតាំងលក់រថយន្តអគ្គិសនី BYD ដែលជារថយន្តមួយប្រភេទ យកចិត្តទុកដាក់ខ្ពស់លើផាសុកភាព គុណភាព និងសុវត្ថិភាព នៅទីតាំងសាខាមុន្នីវង្ស ផ្លូវលេខ៩៣ កែងផ្លូវ៣២២ សង្កត់បឹងកេងកងទី១ រាជធានីភ្នំពេញ ត្រូវបានដាក់សម្ពោធជាផ្លូវការ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។

ឧកញ៉ា លឹម កុកឡុង នាយកប្រតិបត្តិ នៃក្រុមហ៊ុន KHIEV Auto Co., Ltd ដែលជាក្រុមហ៊ុនទទួលសិទ្ធិចែកចាយរថយន្តអគ្គិសនី BYD បានថ្លែងថា BYD គឺជាក្រុមហ៊ុនបច្ចេកវិទ្យាខ្ពស់ ដែលផ្តោតលើការច្នៃប្រឌិតបច្ចេកវិទ្យា ដើម្បីជីវិតកាន់តែប្រសើរ។

ឧកញ៉ា លឹម កុកឡុង បានបន្ថែមទៀតថា BYD ត្រូវបានបង្កើតឡើងក្នុងខែកុម្ភៈ ឆ្នាំ១៩៩៥ បន្ទាប់ពីរយៈពេលជាង២០ឆ្នាំ នៃការរីកចម្រើនយ៉ាងឆាប់រហ័ស ក្រុមហ៊ុនបានបង្កើតសួនឧស្សាហកម្ម ជាង៣០កន្លែង នៅទូទាំងពិភពលោក ហើយបានដើរតួនាទីយ៉ាងសំខាន់ នៅក្នុងឧស្សាហកម្ម ទាក់ទងនឹងអេឡិចត្រូនិច ដូចជា៖ ថាមពលបង្កើតថ្មី ផ្លូវដែក ជាពិសេសគឺរថយន្តអគ្គីសនី។

ទន្ទឹមគ្នានេះ ឧកញ៉ា លឹម កុកឡុង បានលើកឡើងថា នេះជាជំហ៊ានដំបូងរបស់ ក្រុមហ៊ុន KHIEV Auto ក្នុងការឈានចូលជាផ្នែកមួយ នៃការអភិវឌ្ឍន៍ពណ៌បៃតង ក្នុងប្រទេសកម្ពុជា និងជំរុញការផ្លាស់ប្តូរ ថាមពលសស្អាត ក្នុងស្រុក។

ឧកញ៉ា លឹម កុកឡុង បានគូសបញ្ជាក់ថា ការប្រើប្រាស់រថយន្តអគ្គិសនី BYD ចូលរួមចំណែកយ៉ាងខ្លាំង ក្នុងការលើកកំពស់សេដ្ឋកិច្ចគ្រួសារ តាមរយៈការកាត់បន្ថយចំណាយ ដែលកើតឡើងដដែលៗ ទៅលើប្រេងឥន្ធនៈ និងតំហែទាំលើម៉ាស៊ីន។

ក្នុងនាមតំណាងក្រុមហ៊ុន KHIEV Auto Co., Ltd លោកក៏សូមអំពាវនាវដល់ អ្នកឧកញ៉ា លោកឧកញ៉ា អស់លោក-លោកស្រីទាំងអស់ ចូលរួមផ្សព្វផ្សាយ ចូលរួមជំរុញការប្រើប្រាស់ រថយន្តអគ្គិសនី ជាពិសេសរថយន្ត BYD ដ៏ល្បីល្បាញទូទាំងពិភពលោកមួយនេះ។

សូមជម្រាបថា BYD ជារថយន្តមួយប្រភេទ ដែលយកចិត្តទុកដាក់ខ្ពស់លើផាសុកភាព គុណភាព និងសុវត្ថិភាព។ មិនត្រឹមតែប៉ុណ្ណោះ ការរចនារថយន្ត BYD គឺផ្ដោតលើមុខងារ បច្ចេកវិទ្យាទំនើប បង្កើនប្រសិទ្ធិភាព និង ចម្ងាយក្នុងការបើកបរ ជាមួយនឹងភាពទាក់ទាញផ្នែកសោភ័ណភាព ដែលរចនាយ៉ាងស្រស់ស្អាតទាំងខាងក្នុង និងខាងក្រៅ៕